រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បានប្រកាសថា ភេរវកររុស្ស៊ីម្នាក់ ដែលរៀបចំការវាយប្រហារដោយគ្រាប់បែក នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅទីក្រុងកំពង់ផែ Bodrum ភាគនិរតីនៃប្រទេសទួរគី។

លោក Yerlikaya បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា អង្គភាពនគរបាលអន្តរជាតិ ( Interpol) របស់រុស្ស៊ី បានធ្វើការទូរស័ព្ទជាមួយនាយកដ្ឋាន Interpol/Europol របស់ប្រទេសទួរគី កាលពីថ្ងៃពុធ ហើយបានជូនដំណឹងដល់ពួកគេថា ជនជាតិរុស្ស៊ី ឈ្មោះ Evgenii Serebriakov ដែលរៀបចំការវាយប្រហារភេរវកម្មដោយគ្រាប់បែកដាក់ក្នុងរថយន្ត នៅទីក្រុងមូស្គូ ដែលមនុស្សពីរនាក់ បានរងរបួស បានមកដល់ប្រទេសទួរគី។

រដ្ឋមន្ត្រីទួរគីរូបនេះ បាននិយាយថា ដោយសារមានការស៊ើបអង្កេត ទើបនគរបាលទួរគី បានកំណត់ថា ជនសង្ស័យនោះ បានចូលទៅក្នុងអាកាសយានដ្ឋាន Bodrum នៅម៉ោង ០៩: ៤០នាទីព្រឹក ម៉ោងក្នុងស្រុក (០៦:៤០ ម៉ោងសកល) ។
លោកបានបន្ថែមថា អត្តសញ្ញាណរបស់ជនសង្ស័យ ត្រូវគ្នានឹងព័ត៌មាន និងរូបថតដែលបានបញ្ជាក់នៅក្នុងលិខិតដែលបានទទួលពីអង្គភាព Interpol របស់រុស្ស៊ី ហើយទីបំផុតជនសង្ស័យនេះ ត្រូវបានចាប់ខ្លួនដោយនគរបាល ក្នុងតំបន់នៅ Bodrum កាលពីថ្ងៃពុធ។