រដ្ឋាភិបាលប្រទេសកាតេម៉ាឡា បាននិយាយកាលពីថ្ងៃពុធថា គ្រួសារនៅប្រទេសម៉ិកស៊ិករាប់រយគ្រួសារ បានទៅដល់ប្រទេសកាតេម៉ាឡា ដើម្បីស្វែងរកទីជម្រក ដោយគេចចេញពីរលកនៃអំពើហិង្សាដែលកំពុងវាយលុកនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។

ប្រធានាធិបតី ប្រទេសកាតេម៉ាឡា លោក Bernardo Arevalo បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានថា គ្រួសារមកពីម៉ិកស៊ិក កំពុងរត់គេចចេញពីការប៉ះទង្គិចគ្នា រវាងក្រុមជនអន្ធពាលជាច្រើនក្រុម នៅម៉ិកស៊ិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាជនទីក្រុងចំនួនពីរនៅរដ្ឋ Chiapas ជាប់ព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិក បានចាប់ផ្តើមទៅដល់ប្រទេសកាតេម៉ាឡា កាលពីថ្ងៃអង្គារ ដោយស្វែងរកទីជ្រកកោន បន្ទាប់ពីក្រុមប្រដាប់អាវុធ បានសម្រុកចូលទីក្រុង គំរាមពួកគេដោយកាំភ្លើង និងឱ្យពួកគេចាកចេញពីលំនៅឋាន។
វីដេអូ ដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាលប្រទេសកាតេម៉ាឡា បានបង្ហាញពីមនុស្សរាប់សិបនាក់កំពុងដើរតាមផ្លូវភ្នំ ដើម្បីចូលក្នុងទឹកដីប្រទេសកាតេម៉ាឡា។

រដ្ឋាភិបាលប្រទេសម៉ិកស៊ិក នៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយអំពីរលកនៃអំពើហិង្សានៅភាគខាងត្បូងប្រទេសនេះនៅឡើយ។
ប្រជាជននៅរដ្ឋ Chiapas បានរាយការណ៍ពីអំពើហិង្សាកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងការកើនឡើងការជួញដូរគ្រឿងញៀន និងការជំរិតទារប្រាក់។
នៅពេលដែលពុំត្រូវបានប៉ះពាល់ដោយអំពើហឹង្សារបស់ជនអន្ធពាល រដ្ឋ Chiapas បច្ចុប្បន្ននេះ គឺជាទីតាំងនៃសង្រ្គាមដ៏ប្រទាញប្រទង់ រវាងក្រុម CJNG និងក្រុម Sinaloa Cartel ហើយមនុស្សជាច្រើនកំពុងរត់គេចចេញពីអំពើហឹង្សា និងការជំរិតទារប្រាក់កាន់តែកើនឡើង។