ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរួមទាំងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលត្រូវចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម នៅវៀតណាមចំនួន ៦៧៣នាក់ទៀតកាលពីថ្ងៃទី០១ ខែកញ្ញាម្សិលមិញនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះជាលើកទី២ ហើយដែលគណៈកម្មាធិការជាតិ CAMSOC សហការជាមួយក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៃក្រសួងការពារជាតិរៀបចំការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិមកពី ៣៧សហព័ន្ធកីឡាជាតិ។ ក្នុងនោះក៏មានការចាក់ជូនក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៧២នាក់ និងបុគ្គលិកប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ផងដែរដែលមានចំនួនសរុប ៦៧៣នាក់។ កីឡាការិនីជម្រើសជាតិហុកគីកម្ពុជា វុន សារឿ និង ផ មីសាន បានសម្ដែងសេចក្ដីត្រេកអរជាខ្លាំង ក្រោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ពិសេសក្រុមកីឡាករ-កីឡាការិនីដែលធ្វើឲ្យពួកគេមានទំនុកចិត្ត និងលែងភ័យព្រួយទៀត។

ម្យ៉ាងបានធ្វើឲ្យពួកគេមានភាពកក់ក្ដៅ ក្នុងការត្រៀមប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗខាងមុខ ដើម្បីសម្រួចសមត្ថភាពចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ តាមការអះអាងរបស់មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការចាក់ដូសទី៣ ដល់កីឡាករ-កីឡាការិនីនេះនៅមិនទាន់បញ្ចប់នោះទេ ពិសេសក្រុមជម្រើសជាតិថ្នាលអាយុពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំដែលទើបចាក់ដូសទី២ កាលពីថ្មីៗ នឹងត្រូវចាក់ដូសទី៣ បន្ដទៀតក្នុងករណីពួកគេត្រូវបន្ដបោះជំរំហ្វឹកហាត់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា៕
អត្ថបទ៖ លី ឈុនឡា