ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃព្រឹកទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចំនួន១៥០០០ដើម លើផ្ទៃដី៣ហិកតា នៅចំណុចបរិវេណដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងការងារកន្លងមក របស់មន្រ្តីបរិស្ថានខេត្តឧត្តរមានជ័យ ដែលជានិច្ចកាលតែងតែពុះពារជំនះរាល់ឧបសគ្គក្នុងការការពារទប់ស្កាត់ប្រឆាំងរាល់បទល្មើសនានាក្នុងដែនព្រៃឈើសហគមន៍ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ក្នុងនោះបានបំផុសស្មារតីដល់ មន្ទីរស្ថាប័ន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមយ៉ាងផុសផលក្នុងការដាំកូនឈើឡើងវិញ ដើម្បីធ្វើឲ្យសហគមន៍យើងទទួលបានបរិស្ថានល្អប្រកបដោយពណ៌បៃតងស្រស់បំព្រងផងដែរ។
យ៉ាងណាម៉ិញឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំដល់គ្រប់មន្ទីរស្ថាប័នទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ឲ្យចេះស្រលាញ់ធនធានធម្មជាតិ និងនាំគ្នាចូលរួមដាំបន្តទៀតឲ្យបានកាន់តែច្រើននៅគ្រប់ទីកន្លែង ដើម្បីស្តារគម្របព្រៃឈើ និងអភិរក្សព្រៃឈើឲ្យកាន់តែសំបូរឡើងវិញនៅគ្រប់ទីកន្លែងដែលខ្វះចន្លោះ។ ពិសេសនោះក្មួយៗសិស្សានុសិស្សត្រូវចូលរួមដាំនៅតាមសាលារៀន និងនៅតាមខ្នងផ្ទះ ដោយសិស្សម្នាក់ដើមឈើមួយដើម ក្នុងមួយឆ្នាំយើងអាចដាំឲ្យបានមួយម៉ឺនដើមផងដែរ៕






