
មន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនបាឡុងផ្ទុកសំរាមប្រមាណជា ៥០០បាឡុង ចូលទៅក្នុងដែនអាកាសរបស់ប្រទេសរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ជើងហោះហើរ និងបានជាចំហេះនៅលើដំបូលអគារលំនៅឋានមួយ។
គួរបញ្ជាក់ថា ការបង្ហោះបាឡុងទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តធ្វើដោយទីក្រុងព្យុងយ៉ាងប្រឆាំងនឹងអ្នករត់ចេញពីប្រទេសកូរ៉េខាងជើង និងសកម្មជនកូរ៉េខាងត្បូង ដែលតែងបញ្ជូនបាឡុងមានរបស់របរផ្សេងៗ ដូចជាខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ក្រដាសប្រាក់ និង USB ដែលផ្ទុកទៅដោយខ្សែវីដេអូ K-pop (ខេប៉ុប) និងភាពយន្តរឿងភាគជាដើម។

មន្ត្រីម្នាក់ នៅក្រុមហ៊ុនអាកាសយានដ្ឋានកូរ៉េ បាននិយាយថា បាឡុងដែលគួរឲ្យសង្ស័យ បានផ្អាកការហោះហើរ និងការចុះចត នៅអាកាសយានដ្ឋាន Gimpo ក្នុងទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃពុធ (ទី២៤ ខែកក្កដា) អស់រយៈពេល ២ម៉ោង។ ហើយបាឡុងទាំងនោះបានប៉ះពាល់ដល់ចរាចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់កូរ៉េខាងត្បូង គឺ Incheon ជាច្រើនដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នៅខេត្ត Gyeonggi ក្បែរទីក្រុងសេអ៊ូល បាលូងមួយបានឆេះនៅលើដំបូលអគារលំនៅឋាន។ មន្ត្រីនៅទីស្នាក់ការកណ្តាលអគ្គិភ័យ និងគ្រោះមហន្តរាយភាគខាងជើងខេត្ត Gyeonggi បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់អណ្ដាតភ្លើងនោះទាន់ពេលវេលា។
លោក Lee Sung-jun អ្នកនាំពាក្យអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានប្រាប់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ បាឡុងចំនួន ៤៨០ បានធ្លាក់ដល់ដីនៅក្នុងប្រទេសកូរ៉េខាងត្បូង ភាគច្រើនផ្ទុកដោយក្រដាស និងសំរាមប្លាស្ទិក៕