
ក្រុមមន្ត្រីជួយសង្គ្រោះ នៅកោះតៃវ៉ាន់ កំពុងស្វែងរកនាវាដឹកទំនិញមួយមានសមាជិកនាវិក ៩នាក់ ដែលបានលិចនៅឆ្នេរសមុទ្រភាគខាងត្បូងក្បែរទីក្រុង Kaohsiung អំឡុងពេលមានព្យុះទីហ្វុង Gaemi។ អាជ្ញាធរកោះតៃវ៉ាន់ បានប្រាប់ថា នាវាដឹកទំនិញដែលមានទង់ជាតិតង់ហ្សានីនោះ មានជនជាតិមីយ៉ាន់ម៉ាចំនួន ៩នាក់ នៅលើនោះ ហើយបន្ថែមថា ចំណែកនាវាបរទេសចំនួន ៣ផ្សេងទៀត បានចូលចត នៅពេលមានព្យុះនោះ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Gaemi បានបោកបក់ទៅដល់ដីគោកលើតំបន់ឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ ស្លាប់ និងរាប់រយនាក់ រងរបួស។ ព្យុះនេះក៏បានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសហ្វីលីពីនផងដែរ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ២២នាក់ បាត់បង់ជីវិត។

កោះតៃវ៉ាន់បានលុបចោលផ្នែកខ្លះនៃសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ និងជើងហោះហើរអន្តរជាតិជាង ២០០វ៉ុល។ ហើយជាមួយគ្នានេះ អាជ្ញាធរបានព្រមានពីការមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ ជាពិសេសនៅតំបន់ដែលមានអស្ថិរភាពដោយរញ្ជួយដីកាលពីមុន។
លើសពីនេះទៀត មនុស្សជាង ៨.០០០នាក់ ត្រូវចាកចេញពីទីលំនៅរបស់ខ្លួន ហើយសាលារៀន និងការិយាល័យនានា នៅតែបិទដដែល។ ព្យុះ Gaemi ត្រូវបានគេរំពឹងថា នឹងថមថយកម្លាំង នៅលើកោះតៃវ៉ាន់នេះ មុនពេលធ្វើដំណើរឆ្ពោះទៅខេត្ត Fujian របស់ប្រទេសចិន ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង៕