
អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានរិះគន់សុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រា អែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទៅកាន់សភាកាលពីថ្ងៃពុធថា ជា «អាក្រក់បំផុត» នៅក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ ដោយបានវាយប្រហារយ៉ាងធ្ងន់ៗចំពោះការខ្វះការរីកចម្រើនរបស់មេដឹកនាំរូបនេះ ឈានទៅរកកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។
លោកស្រី Pelosi បានសរសេរនៅលើវេទិកាសង្គម Xបន្ទាប់ពីសុន្ទរកថានោះ ថា៖«បទបង្ហាញរបស់លោក លោក ណេតាន់យ៉ាហ៊ូ នៅក្នុងសភាថ្ងៃនេះ គឺជាបទបង្ហាញដ៏អាក្រក់បំផុតរបស់ឥស្សរជនបរទេស ដែលបានអញ្ជើញ និងផ្តល់កិត្តិយស ជាមួយនឹងឯកសិទ្ធិ ក្នុងការថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក»។

អតីតប្រធានសភារូបនេះ បានរំលងព្រឹត្តិការណ៍នេះ ដើម្បីចូលរួមស្តាប់ជាមួយក្រុមគ្រួសារចំណាប់ថ្នូរ អ៊ីស្រាអែលដែលក្រុមហាម៉ាស បានចាប់ខ្លួន និងអ្នកដែលបានស្លាប់ នៅក្នុងសង្រ្គាម។
លោកស្រី Pelosi បានបន្តថា៖ «ពួកយើងជាច្រើននាក់ដែលស្រឡាញ់អ៊ីស្រាអែល បានចំណាយពេល ថ្ងៃនេះ ដើម្បីស្តាប់ពលរដ្ឋអ៊ីស្រាអែលដែលក្រុមគ្រួសាររបស់ពួកគេ បានរងទុក្ខ បន្ទាប់ពីការវាយប្រហារ ភេរវកម្មថ្ងៃទី៧ ខែតុលា និងការចាប់ជំរិតរបស់ពួកហាម៉ាស»។ «គ្រួសារទាំងនេះ កំពុងស្នើសុំឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ដែលនឹងនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ ហើយយើងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងចំណាយពេលរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅនោះ»។