
នៅឆ្នាំ២០២៣ អត្រាប្រជាជនជនជាតិជប៉ុន បានធ្លាក់ចុះជាង ៨៦១.០០០នាក់ ពោលគឺធ្លាក់មកនៅចំនួន ១២១,៦លាននាក់ ដែលជាការធ្លាក់ចុះលឿនបំផុត គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ហើយនិងទំនងជាបន្តនិន្នាការបែបនេះរយៈពេល ១៥ឆ្នាំទៀត។ នេះបើយោងតាមក្រសួងកិច្ចផ្ទៃក្នុងរបស់ជប៉ុន។
ចំណែកអត្រាប្រជាជនបរទេសបានកើនឡើងចំនួន ១១ភាគរយ ដោយឡើងដល់ចំនួន ៣លាននាក់ ប៉ុន្តែចំនួននេះមិនគ្រប់គ្រាន់ ដើម្បីទូទាត់ការថយចុះចំនួនប្រជាជនសរុប ០,៤ភាគរយនោះទេ។ ការធ្លាក់ចុះនេះ បានដាក់សម្ពាធដល់ប្រព័ន្ធសន្តិសុខសង្គម និងការធ្លាក់ចុះទីផ្សារការងារ។

ទោះបីជាអត្រាគ្មានការងារធ្វើទាបក្រោមកម្រិត ៣ភាគរយក៏ដោយ ក៏អាជីវកម្មប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនចំនួន ២៦០ បានក្ស័យធនដោយសារតែមានបុគ្គលិកមិនគ្រប់គ្រាន់។ នេះបើយោងតាមស្ថាប័ន Teikoku Databank។ ភាគរយនៃចំនួនប្រជាជនដែលមានអាយុធ្វើការ នៅតែមានស្ថិរភាព ដោយសារពលករបរទេស ប៉ុន្តែការរក្សាលំហូរបែបនេះ ដោយគ្មានរចនាសម្ព័ន្ធគាំទ្រ គឺមិនមានភាពប្រាកដប្រជានោះទេ។
លើសពីនេះ អ្នកជាប់ពន្ធតិចជាងមុន បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខសង្គម ដោយប្រាក់ចំណូលពន្ធ និងការធានារ៉ាប់រង ត្រូវបានព្យាករថា នឹងថយចុះ ១០ភាគរយ នៅឆ្នាំ២០៤០ ដែលធ្វើឲ្យស្មុគស្មាញដល់ការផ្តល់ហិរញ្ញប្បទាននៃការចំណាយសន្តិសុខសង្គម។
ដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះ នាយករដ្ឋមន្ត្រី លោក Fumio Kishida បានសន្យាថា នឹងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលដល់ក្មេងម្នាក់ៗ ដើម្បីឲ្យទាន់កម្រិតរបស់ប្រទេសស៊ុយអែត ដែល ៣,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ត្រូវបានបែងចែកទៅជាអត្ថប្រយោជន៍គ្រួសារ៕