
របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច រ បានអះអាងនៅថ្ងៃព្រហស្បតិ៍ (ទី២៥ កក្កដា) នេះថា ពួកគេ កំពុងគ្រប់គ្រងទីប្រជុំជនមួយ និងទីបញ្ជាការយោធាក្នុងតំបន់ ក្នុងរដ្ឋសានភាគខាងជើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា រយៈពេលជាច្រើនថ្ងៃមក។
ការប្រយុទ្ធគ្នានោះ បានធ្វើឲ្យកក្រើកទីក្រុង Lashio ដែលជាទីបញ្ជាការនៅភាគឦសានរបស់យោធា ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា នៅពេលដែលសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបន្តការវាយលុកប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានរាយការណ៍ថា ក្រុមនេះ បាន «ដណ្តើមបានទាំងស្រុងនូវទីស្នាក់ការកណ្តាលនៃបញ្ជាការយោធាភាគឦសាន ក្នុងទីក្រុង Lashio» នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក៏បានកាន់កាប់ទីប្រជុំជន Lashio ដែលមានប្រជាជនប្រហែល ១៥០.000នាក់ផងដែរ។
ប៉ុន្តែ អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការអះអាងនេះ «មិនពិត»ទេ។
លោកបានថ្លែងដោយមិនបញ្ជាក់លម្អិតថា៖ «ក្រុមបះបោរ បានជ្រៀតចូលជាយក្រុង Lashio ដូច្នេះ (កម្លាំងសន្តិសុខ) បានតាមដាន និងបោសសម្អាតពួកគេ» ដោយពុំបានផ្តល់ព័ត៌មានលម្អិតឡើយ។