ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ រដ្ឋមន្ត្រីនៃបណ្តាប្រទេសទន្លេមេគង្គ បានលើកឡើងថា វិស័យឯកជន និងវិស័យសាធារណៈ មានអត្ថប្រយោជន៍ក្នុងការជំរុញចរន្តសេដ្ឋកិច្ចនៅតំបន់ទន្លេមេគង្គ។
ការលើកឡើងរបស់រដ្ឋមន្ត្រី នៃបណ្តាប្រទេសមេគង្គធ្វើឡើងកាលពីថ្ងៃទី២៨ កញ្ញា ម្សិលមិញនេះ អំឡុងពេល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ តាមរយៈប្រព័ន្ធវីដេអូ Conference ដោយកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ កាង ក្យុងវ៉ា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រី នៃបណ្តាប្រទេសមេគង្គ បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះ «គោលនយោបាយភាគខាងត្បូងថ្មី» របស់សាធារណរដ្ឋកូរ៉េ ដោយផ្អែកលើសសរស្តម្ភបី គឺ ប្រជាជន វិបុលភាព និងសន្តិភាព ដូចមានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន។
នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងអស់ បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវិស័យឯកជន និងវិស័យ សាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាពនៅក្នុងតំបន់ និងបានចែករំលែកនូវទស្សនៈថា វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាធុរកិច្ចមេគង្គ-សាធាណរដ្ឋកូរ៉េ បានពង្រឹងនូវចំណងទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសមេគង្គ។ លើសពីនេះ លោកជំទាវ កាង ក្យុងវ៉ា បានប្រកាសនៅក្នុងកិច្ចប្រជុំ អំពីសំណើរបស់សាធារណរដ្ឋកូរ៉េក្នុងការតម្លើង កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
នៅអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីការស្វាគមន៍ យ៉ាងកក់ក្តៅ និងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះស្របទៅនឹងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ក្នុងការតម្លើងកម្រិតយន្តការនៃកិច្ចប្រជុំនេះ ទៅដល់កម្រិតកិច្ចប្រជុំកំពូល ស្របពេលកម្ពុជាបានបញ្ចប់ដោយជោគជ័យនៃគម្រោង ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅលើដងទន្លេមេគង្គភ្ជាប់ទៅនឹងបឹងទន្លេសាប។
កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាប្រទេសមេគង្គ បានគូសបញ្ជាក់ទៀតថា តួនាទីសំខាន់នៃភាពជាដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ គឺដើម្បីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេសអាស៊ាន និងក្នុងការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។
ដោយឡែកចំពោះបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ ប្រមុខការទូតកម្ពុជារំពឹងថា ការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន នឹងជំរុញកាលានុវត្តនភាពអាជីវកម្ម និងវិនិយោគថ្មីៗ ក្នុងការបង្កើតសក្ដានុពលការងារថ្មីៗ សមស្របទៅតាមបរិបទក្រោយការយកឈ្នះជំងឺរាតត្បាតកូវីដ–១៩៕ អត្ថបទ៖ ឧត្តម


