បាល់ទាត់៖ ភ្លាមៗក្រោយសម្រេចលុបចោលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏បានបង្ហាញសមាជិកក្រុមជម្រើសជាតិនារីកម្ពុជា ២២នាក់ដើម្បីបញ្ជូនទៅហ្វឹកហាត់នៅចិននាចុងខែកញ្ញានេះ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីម្សិលមិញ។
កីឡាការិនីដែលត្រូវបានជ្រើសរើសបញ្ជូនទៅហ្វឹកហាត់នៅចិនទាំង ២២នាក់រួមមានសមាជិកក្លិបបាល់ទាត់កំពង់ស្ពឺ-ណាហ្គាវើលដ៏ ៧នាក់, ភ្នំពេញក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, ខេត្តបាត់ដំបង ២នាក់ និងក្លិបបាល់ទាត់សៀមរាបម្នាក់។ តាមការគ្រោងទុកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅចិននាចុងខែកញ្ញានេះ ។ តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការបញ្ជូនក្រុមជម្រើសជាតិនារីកម្ពុជាទៅហ្វឹកហាត់នៅចិននេះមានរយៈពេល ៣ខែដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ បេសកកម្មនេះកើតឡើងក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិនតាមរយៈគណៈកម្មាធិការជាតិ CAMSOC ក្នុងការបញ្ជូនក្រុមជម្រើសជាតិប្រមាណ ១២ប្រភេទកីឡាទៅហ្វឹកហាត់នៅទីនោះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជាក់ថា ភាគីចិនបានផ្ដល់ជំនួយឥតសំណង់ក្នុងការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ១២ប្រភេទស្មើនឹង ១៣៥នាក់ទៅហ្វឹកហាត់នៅចិនក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីគម្រោងមួយនេះត្រូវបានពន្យារពេលអស់ជាយូរ ដោយសារការរីករាលដាលនៃកូវីដ-១៩៕
អត្ថបទ លី ឈុនឡា