ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញជើងទម្របាញ់មីស៊ីលចំនួន បីគ្រឿង នៅលើទឹកដីក្នុងប្រទេសយេម៉ែនដែលគ្រប់គ្រងដោយកងជីវពលហ៊ួទី។
នេះ គឺជាប្រតិបត្តិការយោធាចុងក្រោយបង្អស់ដែលកំណត់គោលដៅទៅលើទីតាំងរបស់ក្រុមហ៊ួទី ក្នុងការឆ្លើយតបនឹងការបន្តវាយប្រហារដោយកងជីវពលនេះ ទៅលើការដឹកជញ្ជូនរបស់អន្តរជាតិ។
យោធាអាមេរិក បាននិយាយនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«កិច្ចប្រតិបត្តិការនេះ ត្រូវបានគេកំណត់ថា អាវុធទាំងនេះ បង្ហាញពីការគំរាមកំហែងជិតមកដល់ចំពោះកងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិក និងនាវាជំនួញ នៅក្នុងតំបន់»។ យោធាបានបន្ថែមថា តាមរយៈការបំផ្លាញជើងទម្របាញ់រ៉ុក្កែទាំងនេះ គឺចាត់វិធានការទុកជាមុន ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ួទីលើការដឹកជញ្ជូនរបស់អន្តរជាតិ និងការពារសេរីភាពនៃការឆ្លងកាត់។
កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហាររាប់សិបលើក ចាប់តាំងពីខែមករា ទៅលើទីតាំងក្នុងទីក្រុង Sanaa, Hodeidah និងផ្នែកផ្សេងទៀត ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅ ប្រទេសយេម៉ែន ដែលត្រូវបានប្រើប្រាស់ ដើម្បីរក្សាទុកមីស៊ីល យានដ្រូន និងនាវាគ្មានមនុស្សបើក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការគំរាមកំហែងចំពោះផ្លូវសមុទ្រអន្តរជាតិនៃឆ្នេរសមុទ្រយេម៉ែន។