ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសយេម៉ែន នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ទូកមួយគ្រឿងដែលមានដឹកជនភៀសខ្លួនយ៉ាងហោចណាស់ ៤៥នាក់ បានលិចនៅឆ្នេរសមុទ្រ Taiz របស់យេម៉ែន កាលពីយប់ថ្ងៃពុធ (ទី២៤ ខែកក្កដា) ហើយមានអ្នករួចជីវិតតែ ៤នាក់ប៉ុណ្ណោះ។
ទីភ្នាក់ងារបានបន្ថែមថា ទូកនោះបានក្រឡាប់ដោយសារខ្យល់បក់ខ្លាំង និងផ្ទុកលើសចំណុះ។ ស្ថាប័ននេះបានបន្ថែមថា ខ្លួនកំពុងធ្វើការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដើម្បីជួយអ្នករស់រានមានជីវិត និងផ្តល់ការការពារដល់ពួកគេ។
សម្រាប់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែម អំពីជនភៀសខ្លួនផ្សេងទៀតទេ។
គួរបញ្ជាក់ថា កាលពីខែមិថុនា មានជនអន្តោប្រវេសន៍មិនតិចជាងចំនួន ៤៩នាក់ ស្លាប់ និង ១៤០នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវារបស់ពួកគេ ដែលបានចាកចេញពីប្រទេសសូម៉ាលីដឹកជនអន្តោប្រវេសន៍ចំនួន ២៦០នាក់ បានក្រឡាប់លិចនៅឆ្នេរសមុទ្រយេម៉ែន៕