ប៉ារ៉ាឡាំពិក៖ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ប៉ារ៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ហើយដោយទទួលបានចំណាត់ថ្នាក់លេខ៧ លើវិញ្ញាសា T54 ចម្ងាយ ១០០ម៉ែត្រដោយប្រើថេរវេលា ១៤.២១វិនាទីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនាមអត្តពលិកជនពិការកម្ពុជាតែម្នាក់គត់ ដែលទទួលបានសិទ្ធអនុគ្រោះចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនាទីក្រុងតូក្យូ វ៉ាន វ៉ុន ធ្វើបានយ៉ាងល្អដោយបញ្ចប់ការប្រកួតជម្រុះក្នុងស៊េរីទី១ ជាមួយចំណាត់ថ្នាក់លេខ២ និងប្រើថេរវេលា ១៤.៣៩វិនាទី ខណៈលេខ១ បានទៅកីឡាករថៃ Athiwat Paeng-Nuea ប្រើថេរវេលា ១៤វិនាទី។ លទ្ធផលនេះបានធ្វើឲ្យកីឡាករថៃ និង វ៉ាន វ៉ុន ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រជាមួយបេក្ខភាពប្រជែងមេដាយ ៦រូបផ្សេងទៀត។ ជាលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កីឡាករថៃ Athiwat Paeng-Nuea ដែលទទួលបានលេខ១ ក្នុងស៊េរីជាមួយកីឡាករកម្ពុជា ដណ្ដើមបានមេដាយមាសដោយប្រើប្រើថេរវេលា ១៣.៧៦វិនាទី។
ចំណែកកីឡាករហ្វាំងឡង់ Leo Pekka Tahti អតីតម្ចាស់មេដាយមាសប៉ារ៉ាឡាំពិកនៅទីក្រុងរីយ៉ូឆ្នាំ២០១៦ ទទួលបានមេដាយប្រាក់ដោយប្រើថេរវេលា ១៣.៨៥វិនាទី និងកីឡាករម៉ិកស៊ិក Juan Pablo Garcia ទទួលបានមេដាយសំរឹទ្ធប្រើថេរវេលា ១៣.៨៧វិនាទី។ ដោយឡែកកីឡាករ វ៉ាន វ៉ុន របស់កម្ពុជាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ តែគេបានបំបែកសិទ្ធផលកាលពីប្រកួតជម្រុះដោយប្រើថេរវេលាត្រឹម ១៤.២១វិនាទីប៉ុណ្ណោះ។ ដូច្នេះទោះមិនអាចសម្រេចដណ្ដើមមេដាយជូនជាតិ តែកីឡាករជម្រើសជាតិប្រណាំងរទេះជនពិការកម្ពុជារូបនេះ បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនឈានដល់វគ្គផ្ដាច់ព្រ័ត្រលើកដំបូង នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនាទីក្រុងតូក្យូ៕
អត្ថបទ៖ លី ឈុនឡា