ក្រុមហ៊ុនវិភាគប្រព័ន្ធអ៊ីនធឺណិត CyberCube នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បាននិយាយថា ការខាតបង់ផ្នែកធានារ៉ាប់រងជាសកល ដោយសារការដាច់ប្រព័ន្ធ IT (បច្ចេកវិទ្យាព័ត៌មានវិទ្យា) ដ៏ធំ កាលពីសប្តាហ៍មុន ទំនងជាមានចាប់ពី ៤០០លានដុល្លារ ដល់ ១,៥ពាន់លានដុល្លារ។
ក្រុមហ៊ុនអាមេរិកនោះ បានឲ្យដឹងនៅសប្តាហ៍នេះថា កំហុសផ្នែកសូហ្វវែរ នៅក្នុងប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ិនធឺណិត CrowdStrike បណ្តាលឲ្យមានការអាប់ដេតកម្មវិធី ដែលបានធ្វើកុំព្យូទ័រទូទាំងពិភពលោកគាំង ខណៈដែលការខាតបង់កើនឡើងបន្ទាប់ពីការរំខានដល់សេវាកម្មនានា រាប់ចាប់ពីអាកាសចរណ៍ រហូតដល់ធនាគារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន CyberCube បានប្រាប់ថា ការដាច់នេះ អាចជាការបាត់បង់ផ្នែកធានារ៉ាប់រងលើប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតតែមួយគត់។
ក្រុមហ៊ុនធានារ៉ាប់រង Insurer Parametrix នៅសប្តាហ៍នេះ បានប៉ាន់ប្រមាណថា ការខាតបង់ផ្នែកធានារ៉ាប់រងពីការគាំងនេះ មានចន្លោះពី ៥៤០លាន ទៅ ១.០៨ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុន Fortune 500 ដោយនេះមិនរាប់បញ្ចូលទាំងក្រុមហ៊ុន Microsoft ដែលកម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុន ត្រូវបានរងផលប៉ះពាល់ដោយសារកំហុសឆ្គងរបស់ក្រុមហ៊ុន CrowdStrike។
តែយ៉ាងណាក្ដី ទីភ្នាក់ងារវាយតម្លៃ Fitch បានឲ្យដឹងថា ឧស្សាហកម្មធានារ៉ាប់រង និងធានារ៉ាប់រងបន្តជាសកល ទំនងជានឹងគេចផុតពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរណាមួយពីការដាច់ប្រព័ន្ធ IT នេះ៕