គណៈកម្មការអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បាននិយាយថា ខ្លួនបានសម្រេចបញ្ជូនប្រទេសអាល្លឺម៉ង់ និងអ៊ីតាលីទៅកាន់តុលាការយុត្តិធម៌អឺរ៉ុប (ECJ) ជុំវិញការអនុវត្តដែលខ្លួនបាននិយាយថា មានការរើសអើងប្រឆាំងនឹងកម្មករចល័ត។
នៅក្នុងប្រទេសទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងត្រូវបានដាក់ចេញឲ្យប្រើប្រាស់ សម្រាប់ប្រាក់ឧបត្ថម្ភគ្រួសារ ដែលក្រុមកម្មករមួយចំនួន ទទួលបានកម្រិតតិចតួចជាងក្រុមផ្សេងទៀត។
នៅអ៊ីតាលី កម្មករចាំបាច់ត្រូវរស់នៅក្នុងប្រទេសនេះយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ខណៈនៅអាឡឺម៉ង់ ការផ្ដល់ប្រាក់ឧបត្ថម្ភមានកម្រិតតិចតួច សម្រាប់កម្មករដែលមានកូនរស់នៅក្នុងប្រទេសសហភាពអឺរ៉ុប (EU) ដែលតម្លៃនៃការរស់នៅទាបជាង។
គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលការណ៍មួយ ក្នុងចំណោមគោលការណ៍មូលដ្ឋានគ្រឹះរបស់ EU គឺថា ប្រជាជនត្រូវបានប្រព្រឹត្តពោយស្មើភាពគ្នា ពោលគឺគ្មានភាពខុសគ្នាណាមួយ ដោយផ្អែកលើសញ្ជាតិនោះទេ»។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «យោងតាមគោលការណ៍ជាមូលដ្ឋានគ្រឹះនេះ កម្មករចល័តរបស់សហភាពអឺរ៉ុបដែលចូលរួមចំណែកក្នុងរបៀបដូចគ្នាទៅនឹងប្រព័ន្ធសន្តិសុខសង្គម និងបង់ពន្ធដូចគ្នានឹងកម្មករក្នុងស្រុកផ្សេងទៀត មានសិទ្ធិទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមដូចគ្នា»៕