
វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ បានផ្តល់សញ្ញាថា ខ្លួនបើកចំហ សម្រាប់ការចរចាជាមួយអ៊ុយក្រែន ស្តីពីការបញ្ចប់ជម្លោះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅតែកាន់អំណាច ទោះបីជាមានការសង្ស័យជាសាធារណៈ ចំពោះភាពស្របច្បាប់របស់លោក ក្នុងការគ្រប់គ្រងប្រទេសក៏ដោយ។
ទោះបីជាមានការចោទសួរពីភាពស្របច្បាប់របស់លោក Zelenskiy ដោយសារតែអាណត្តិរបស់លោកបានផុតកំណត់ក៏ដោយ ក៏អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ប្រទេសរុស្ស៊ីជាទូទៅបើកចំហចំពោះដំណើរការចរចា ប៉ុន្តែចាំបាច់ត្រូវបានដឹងពីជំហរ និងការត្រៀមខ្លួនរបស់អ៊ុយក្រែន ពោលគឺការយល់ព្រមពីសម្ព័ន្ធមិត្តរបស់ពួកគេ»។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ការពិភាក្សាអាចធ្វើទៅបាន ប្រសិនបើអធិបតេយ្យភាពរបស់អ៊ុយក្រែនត្រូវបានគោរព បើទោះបីជាមិនទាន់មានសញ្ញាបែបនោះក៏ដោយ។ ទីក្រុងមូស្គូចាត់ទុកលោក Zelenskiy ថា ជាអ្នកធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក ជាការអះអាងដែលត្រូវបានប្រធានាធិបតីអ៊ុយក្រែនបដិសេធ។
វិមានក្រឹមឡាំង ចង់បានការបញ្ជាក់ឲ្យបានច្បាស់លាស់ ដោយសារការហាមប្រាមផ្លូវច្បាប់របស់អ៊ុយក្រែន ស្ដីពីទំនាក់ទំនងជាមួយរុស្ស៊ី ប៉ុន្តែនៅតែបើកចំហ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈការចរចា។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីមុន បាននិយាយថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាម ប្រសិនបើអ៊ុយក្រែនទម្លាក់ចោលមហិច្ឆតាចូលជាសមាជិករបស់អង្គការណាតូ ហើយប្រគល់ខេត្តចំនួន៤ ជាការទាមទារដែលទីក្រុងគីវច្រានចោល៕