
នគរបាលកេនយ៉ាបានបាញ់គ្រាប់កាំភ្លើងទៅលើមេឃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ដងផ្លូវ និងចាប់ខ្លួនបាតុករ នៅរសៀលថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ នៅរដ្ឋធានីណៃរ៉ូប៊ី ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើង។ អ្នកតវ៉ាដែលមានកាន់រូបថតក្នុងដៃ ត្រូវបានគេឃើញចាប់បញ្ចូលទៅក្នុងរថយន្តនគរបាលដែលបន្ទាប់មកត្រូវបានបើកចេញទៅ។
កាលពីថ្ងៃពុធ (ទី២៤ ខែកក្កដា) លោកប្រធានាធិបតី William Ruto បានថ្លែងទៅកាន់ប្រជាជាតិ ដោយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ និងលទ្ធកម្មសាធារណៈ ហើយប្រកាសពីគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ដែលមានបញ្ចូលឥស្សរជនមកពីគណបក្សប្រឆាំងផងដែរ។ ប៉ុន្តែសកម្មជនបានរិះគន់រដ្ឋាភិបាលថ្មីថា ជាកិច្ចព្រមព្រៀងពុករលួយ។

ក្រុមបាតុករវ័យក្មេងដែលនៅពីក្រោយការតវ៉ារយៈពេល ៦សប្តាហ៍ បានបង្ខំឲ្យលោក Ruto លុបចោលការដំឡើងពន្ធចំនួន ២,៧ពាន់លានដុល្លារ ហើយពួកគេបាននិយាយថា រដ្ឋាភិបាលព្រមព្រៀងគ្នានេះ នឹងបន្តធ្វើឲ្យមានប្រពៃណីមេដឹកនាំដែលចូលរួមជាមួយក្រុមប្រឆាំង ដោយការចំណាយរបស់ប្រជាជន។ ការតវ៉ានេះ គឺជាវិបត្តិដ៏ធំបំផុតក្នុងការកាន់អំណាច ២ឆ្នាំរបស់លោក Ruto។
មនុស្សមិនតិចជាង ៥០នាក់នោះឡើយ បានបាត់បង់ជីវិត ហើយបាតុកម្មបានបន្តធ្វើដដែល សូម្បីតែបន្ទាប់ពីការដំឡើងពន្ធត្រូវបានផ្អាក។ ហើយឥឡូវនេះ សកម្មជនជាច្រើនកំពុងអំពាវនាវឲ្យលោក Ruto លាលែងពីតំណែង និងឲ្យមានកំណែទម្រង់ដ៏ទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ៕
