ភ្នំពេញ ÷ ដោយទទួលបានជោគជ័យល្អប្រសើរកាលពីឆ្នាំ២០២៣ ក្នុងការរៀបចំវគ្គបណ្តុះ បណ្តាលភាពយន្តខ្លីកម្ពុជា(Cambodia Film Lab) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តគាំទ្រ និង អនុញ្ញាតអោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាលើកទី៧ ឆ្នាំ២០២៤ (The 7th Cambodia Film Lab 2024) ដោយសហការរៀបចំជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) ស៊ីណេហាប់ (Cine hub) និង កញ្ញា សុធា អ៊ីណែស, នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
តបតាមយោបល់ណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាយោបល់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ គណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលបានសម្រេចជ្រើសរើសបេក្ខជនចំនួន៤៥នាក់ ចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជាលើកទី៧ឆ្នាំ២០២៤នេះ។ លោក ប៉ុក បូរក្ស បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីបង្កើតឱកាស និងផ្តល់លទ្ធភាពជូនដល់យុវជន ដែលមានបំណងចង់សិក្សាលើជំនាញផលិតភាពយន្ត និងចូលរួមកសាងធនធានមនុស្សឲ្យបានច្រើន ដើម្បីជួយជម្រុញ និងលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា។
សូមជម្រាបជូនថា វគ្គសិក្សានេះសំដៅពង្រឹងសមត្ថភាពដល់សិក្ខកាមដែលកំពុងមានអាជីព ឬ មានបំណងក្លាយជាអ្នកផលិតភាពយន្តខ្លី ភាពយន្ត ខ្នាតធំ ឬ មាតិកាផ្សេងៗ ក្នុងវិស័យសោតទស្សន៍ ។ ការសិក្សាក្នុងវគ្គទី០៧នេះ មានរយៈពេលបីខែ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែតុលា លើជំនាញសំខាន់ៗចំនួន៤ មាន ៖ ១-ផ្នែកសរសេរអត្ថបទភាពយន្ត (Script writing) ដោយកញ្ញា សុធា អ៊ីណែស និង លោក GAUCHAN Deependra ជាអ្នកធ្លាប់បានទទួលពានរង្វាន់លើស្នាដៃភាពយន្ត ក្នុងមហោស្រពភាពយន្តមួយចំនួនទាំងថ្នាក់ ជាតិ និងអន្តរជាតិ ។
២-ផ្នែកដឹកនាំរឿង (Directing) ដោយលោក មុនី កណ្ណដារង្គ ធ្លាប់បានទៅសិក្សានៅបរទេសលើផ្នែកដឹកនាំផលិតភាពយន្ត ហើយមានស្នាដៃឆ្នើមជាច្រើនរបស់លោក ដែលបានទទួលពានរង្វាន់ក្នុងមហោស្រពភាពយន្តជាតិ និងអន្តរជាតិ ផងដែរ ។
៣-ផ្នែកថត (Cinematography)ដោយលោក រុន សុខហេង អ្នកជំនាញផ្នែកថតល្បីមួយរូបនៅកម្ពុជា ។ ដោយសារស្រលាញ់ការងារជាអ្នកថត លោកបានចំណាយថវិកាផ្ទាល់ខ្លួនទៅរៀនផ្នែកថតនេះនៅបរទេស ហើយត្រឡប់មកវិញជាមួយនឹងចំណេះជំនាញពិតប្រាកដលើផ្នែកថតនេះ។ លោកមានស្នាដៃជាច្រើននៅកម្ពុជា ក្នុងការថតភាពយន្ត ស្ប៉តពាណិជ្ជកម្ម ចម្រៀងកាយវិការខ្នាតធំៗ មួយចំនួនផងដែរ ។
៤-ផ្នែកសម្លេង (Sound)ដោយលោក វណ្ណ សេរីរតនៈ ជាគ្រូបង្ហាត់ផ្នែកសម្លេងនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា ទាំងផ្នែកយកសម្លេងនៅកន្លែងថតផ្ទាល់(Sound on set) និង ការផ្គុំសម្លេងក្នុង studio (Sound mixing) លើជំនាញជាអ្នកយកសម្លេង លោកធ្លាប់បានធ្វើការជាមួយក្រុមថតភាពយន្តក្នុងស្រុក និង ក្រុមថតភាពយន្តបរទេស ដែលមកថតនៅកម្ពុជា មួយចំនួនធំ។ ក្រៅពីជំនាញទាំង៤ខាងលើ គណៈកម្មការរៀបចំវគ្គ បានបញ្ចូលជំនាញចាំបាច់មួយចំនួនទៀតដូចជា៖ ជំនួយការទី១ អ្នកដឹកនាំរឿង(1stAD) ជំនួយការទី១ ផ្នែកថត(1stAC) ផ្នែករៀបចំឆាក(Arts) ផ្នែកផលិត(Producing) ផ្នែកកាត់ត (Editing) ផ្នែកកែព័ណ៌រូបភាព(Color-grading)។ នៅខែចុងក្រោយនៃវគ្គសិក្សានេះ សិក្ខាកាមតាមក្រុមនីមួយៗ ត្រូវផលិតភាពយន្តខ្លីចំនួន១រឿង ហើយភាពយន្តខ្លីនេះនឹងត្រូវដាក់បញ្ចូលក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដែលរៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕
អត្ថបទ រដ្ឋា














