អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ដើម្បីជួយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលនឹងបន្ធូរបន្ថយការឈឺចាប់ និងទុក្ខវេទនារបស់ជនស៊ីវិលប៉ាឡេស្ទីន ដោយបញ្ចេញសំឡេងដ៏តឹងរ៉ឹងខ្លាំងជាងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។

លោកស្រី Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍បន្ទាប់ពីលោកស្រីបានជួបពិភាក្សាទល់មុខគ្នាជាមួយលោក Netanyahu ថា «វាដល់ពេលហើយដែលសង្រ្គាមនេះត្រូវបញ្ចប់។ យើងមិនអាចទ្រាំនឹងការរងទុក្ខនេះទេ ហើយខ្ញុំនឹងមិននៅស្ងៀមឡើយ»។

លោកស្រី Harris ដែលទំនងក្លាយជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបន្ទាប់ពីលោក Biden ដកខ្លួនពីការប្រជែងអាណត្តិថ្មី មិនបានសំចៃមាត់នោះទេក្នុងការលើកឡើងស្តីពីវិបត្តិមនុស្សធម៌ដែលកំពុងគ្របដណ្ដប់តំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមប្រាំបួនខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

សុន្ទរកថារបស់លោកស្រី Harris មានភាពមុតស្រួច និងតឹងរ៉ឹង ហើយបានបង្កជាសំណួរថា តើលោកស្រីនឹងកាន់តែមានភាពកម្រោលក្នុងការដោះស្រាយជាមួយលោក Netanyahu ឬទេ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី ប៉ុន្តែក្រុមអ្នកវិភាគមិនរំពឹងថានឹងមានការផ្លាស់ប្តូរធំដុំណាមួយនៅក្នុងគោលនយោបាយរបស់អាមេរិកចំពោះអ៊ីស្រាអែល ដែលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតនៅមជ្ឈិមបូព៌ាមួយនេះនោះទេ៕