អនុប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ថា លោកស្រី «ត្រៀមខ្លួនរួចជាស្រេច» ដើម្បីជជែកដេញដោលទល់នឹងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលអាចជាគូប្រជែងពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតសកលខែវិច្ឆិកា។

លោកស្រី Harris បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ តោះចាប់ផ្ដើមទៅ»។
នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Trump បាននិយាយថាលោក «ពិតជា» ចង់ជជែកតស៊ូមតិជាមួយលោកស្រី Harris ណាស់ ហើយ «នឹងមានឆន្ទៈជជែកដេញដោលលើសពីម្ដងទៅទៀត»។ ទូរទស្សន៍ ហ្វកញូវស៍ (Fox News) បានស្នើឱ្យមានការជជែកដេញដោលបេក្ខជនប្រធានាធិបតីរវាងលោក Trump និងលោកស្រី Harris នៅថ្ងៃទី១៧ ខែកញ្ញា។

យុទ្ធនាការលោក Trump និងលោកស្រី Harris មិនបានឆ្លើយតបភ្លាមៗជុំវិញសំណើនោះទេ។ យុទ្ធនាការលោក Trump និងប្រធានាធិបតី ចូ បៃដិន (Joe Biden) ពីមុនបានយល់ព្រមលើការជជែកដេញដោលចំនួនពីរដងនៅឆ្នាំនេះ ដែលមួយរៀបចំដោយទូរទស្សន៍ CNN ក្នុងខែមិថុនា និងមួយទៀតរៀបចំដោយទូរទស្សន៍ ABC នៅថ្ងៃទី១០ ខែកញ្ញា។
គេមិនច្បាស់ទេថាតើការជជែកដេញដោលនោះនឹងនៅតែកើតឡើង ឬយ៉ាងណា ដោយសារលោក Biden បានដកខ្លួនពីការប្រជែងតំណែងរួចទៅហើយ៕