អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូង បានព្រមានថា ក្រុមចោរព័ត៌មានវិទ្យាឬ Hackers របស់កូរ៉េខាងជើងកំពុងប៉ុនប៉ងលួចអាថ៌កំបាំងនុយក្លេអ៊ែរ និងយោធាពីរដ្ឋាភិបាលនានា និងបណ្ដាក្រុមហ៊ុនឯកជនជុំវិញពិភពលោក។

ពួកគេនិយាយថា ក្រុមដែលត្រូវបានគេស្គាល់មានឈ្មោះថា អានដារីយ៉ែល(Andariel)និងអនីកស៍ស្លីត (Onyx Sleet) កំពុងកំណត់គោលដៅលើការការពារដែនអវកាស នុយក្លេអ៊ែរ និងអង្គភាពវិស្វកម្ម ដើម្បីទទួលបានព័ត៌មានចាត់ថ្នាក់រួច ដោយមានគោលបំណងជំរុញកម្មវិធី និងមហិច្ឆតាយោធា និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ក្រុមនេះបាននិងកំពុងស្វែងរកព័ត៌មាននៅក្នុងវិស័យនានាដ៏ធំទូលាយ ចាប់ពីដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ការផលិតរថក្រោះ និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ហើយបានកំណត់គោលដៅលើចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងប្រទេសផ្សេងទៀត។
មូលដ្ឋានទ័ពអាកាសអាមេរិក ណាសា និងក្រុមហ៊ុនការពារជាតិនានា ត្រូវបានគេនិយាយថា ត្រូវបានដាក់គោលដៅ។
ការព្រមានដែលមានកម្រិតខ្ពស់អំពីក្រុមជាក់លាក់នេះ ទំនងជាសញ្ញាមួយ ដែលថាការងាររបស់ខ្លួនរួមបញ្ចូលគ្នានូវចារកម្ម និងសកម្មភាពរកលុយ កំពុងធ្វើឱ្យមន្ត្រីព្រួយបារម្ភដោយសារតែផលប៉ះពាល់ទាំងលើបច្ចេកវិទ្យារសំខាន់ៗ និងជីវិតប្រចាំថ្ងៃ៕