រដ្ឋអាជ្ញានៅទីក្រុង មែនហាតថាន (Manhattan) ដែលធានាឱ្យមានការកាត់ទោសព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រលើលោក Donald Trump បាននិយាយថា សាលក្រមគួរតែរក្សាឱ្យនៅដដែល ទោះជាមានការសម្រេចរបស់តុលាការកំពូលអាមេរិក ដែលថាប្រធានាធិបតីមិនអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌលើសកម្មភាពផ្លូវការក៏ដោយ។

នៅក្នុងឯកសារតុលាការចុះថ្ងៃទី២៤ ខែកក្កដា និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) រដ្ឋអាជ្ញាបានជំរុញឱ្យចៅក្រមបដិសេធសំណើលោក Trump ដែលទាមទារឱ្យលុបចោលសាលក្រមដោយសារតែសេចក្តីសម្រេចនេះ។ ពួកគេនិយាយថា ការសម្រេចរបស់តុលាការកំពូលនេះមិនមានឥទ្ធិពលលើសំណុំរឿងរបស់ពួកគេទេ។
រដ្ឋអាជ្ញានៃការិយាល័យរបស់មេធាវីតំបន់ Manhattan បានសរសេរថា «ការចោទប្រកាន់ក្នុងករណីនេះពាក់ព័ន្ធនឹងការប្រព្រឹត្តផ្ទាល់ខ្លួនសុទ្ធសាធ ជាជាងទង្វើផ្លូវការ»។

លោក Trump ដែលជាបេក្ខភាពមកពីបក្សសាធារណរដ្ឋក្នុងការបោះឆ្នោត ត្រូវបានកាត់ទោសនៅថ្ងៃទី៣០ ខែឧសភា លើបទព្រហ្មទណ្ឌចំនួន ៣៤ករណីនៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់ចំនួន ១៣ម៉ឺនដុល្លារដល់តារាអាសអាភាសម្នាក់ឱ្យរក្សាភាពស្ងៀមស្ងាត់ពីទំនាក់ទំនងផ្លូវភេទដែលត្រូវបានចោទប្រកាន់ជាមួយ Trump ។
អ្នកជំនាញផ្នែកច្បាប់និយាយថា លោកចៅក្រម ហ័ន មើឆាន (Juan Merchan) ទំនងជាមិនផ្តល់ការយល់ព្រមលើសំណើលោក Trump ឱ្យលុបចោលសាលក្រមទេ ព្រោះការប្រព្រឹត្តិជាច្រើននៅក្នុងបញ្ហានោះ ធ្វើឡើងមុនតំណែងប្រធានាធិបតីពីឆ្នាំ២០១៧-២០២១ របស់លោក Trump ហើយទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះ៕