សាច់ញាតិនៃអ្នកស្លាប់ទាំង ១៨ នាក់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់ បាននិយាយថាពួកគេមិនទាន់បានទទួលការបកស្រាយពីរដ្ឋាភិបាល ឬក្រុមហ៊ុនអាកាសចរណ៍ទេពីលទ្ធភាពនៃមូលហេតុក្នុងឧបទ្ទវហេតុនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរចេញពីអាកាសយានដ្ឋានក្នុងទីក្រុង កដ្ឋមណ្ឌូ (Kathmandu)។

យន្តហោះ៥០កៅអីឈ្មោះ CRJ-200 ដែលបានធ្លាក់ក្នុងសប្តាហ៍នេះ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ សួរយ៉ា (Saurya) ដោយដឹកមនុស្ស ១៩នាក់ទៅកាន់ទីក្រុង ផូខារ៉ា (Pokhara)។ មានតែអ្នកបើកយន្តហោះម្នាក់ប៉ុណ្ណោះដែលរួចជីវិត ខណៈ ១៨ នាក់ផ្សេងទៀតបានស្លាប់។

សាច់ញាតិជនរងគ្រោះរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអង្គភាពកោសល្យវិច្ច័យ ទ្រីប៊ូវ៉ាន់ (Tribhuvan) នៃទីក្រុងកដ្ឋមណ្ឌូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំអាជ្ញាធរប្រគល់សាកសព។

អ្នកខ្លះនិយាយថា គ្រូពេទ្យបានប្រាប់ពួកគេថាមិនទទួលបានសពរបស់សាច់ញាតិមុនថ្ងៃសៅរ៍ទេ ខណៈសាកសពបានឆេះខ្លោចមើលមិនស្គាល់ ហើយតម្រូវឱ្យធ្វើតេស្តឌីអ៊ិនអេ (DNA) ដើម្បីកំណត់អត្តសញ្ញាណ ដែលអាចចំណាយពេលរហូតដល់ពីរសប្តាហ៍។

ការវាយតម្លៃដំបូងបង្ហាញថា យន្តហោះនោះបានហោះខុសទិសដៅ។ គណៈកម្មាការរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះនេះ នឹងបញ្ជូនរបាយការណ៍ក្នុងរយៈពេល ៤៥ថ្ងៃ៕