ប្រណាំងកង់៖ អ្នកការពារជើងឯកការប្រកួតប្រណាំងកង់ព្រឹត្តិការណ៍ Grand Tour, Vuelta a Espana កីឡាកររស្លូវេនី Primoz Roglic បានត្រលប់ឡើងមកនាំមុខគេក្នុងតារាងរួម បន្ទាប់ពីជ័យជំនះនៅដំណាក់កាលទី ១៧ ថ្ងៃពុធម្សិលមិញនេះ។

ដំណាក់កាលទី ១៧ ដែលមានចំងាយផ្លូវ ១៨៥.៨គីឡូម៉ែត្រ Primoz Roglic បានដេញតាមពីក្រោយអ្នកនាំមុខ Egan Bernal មុនពេលដែលឡើងមកនាំមុខវិញនៅចំនុច ៧.៥គីឡូម៉ែត្រចុងក្រោយដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣៤នាទី ៤៥វិនាទី។ អ្នកលេខ២ ក្នុងដំណាក់កាលគឺកីឡាករអាមេរិក Sepp Kuss តាមពីក្រោយ Primoz Roglic ១នាទី ៣៥វិនាទី និងលេខ៣ កីឡាករកូឡុំប៊ី Miguel Angel Lopez។
ជ័យជំនះដាច់នៅដំណាក់កាលទី ១៧ នេះធ្វើឱ្យកីឡាកររបស់ក្រុម Jumbo-Visma, Primoz Roglic ឡើងមកនាំមុខគេក្នុងតារាងរួមដាច់អ្នកលេខ២ កីឡាករអេស្ប៉ាញ Enric Mas ដែលតាមពីក្រោយ ២នាទី ២២វិនាទី និងលេខ៣ កីឡាករ Miguel Angel Lopez យឺតជាង ៣នាទី ១១វិនាទី។ ព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យ ទី៥ ចុងសប្តាហ៍នេះ ខណៈដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៦២.៦គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវភ្នំ៕
អត្ថបទ៖នាង សុភាវុធ