សេដ្ឋកិច្ចរបស់កូរ៉េខាងជើង បានកើនឡើងខ្លាំងក្នុងឆ្នាំ២០២៣ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ខណៈពាណិជ្ជកម្មជាមួយចិន បានកើនឡើងបន្ទាប់ពីការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងក្នុងពេលជំងឺរាតត្បាតកូវីដ១៩ ត្រូវបានបន្ធូរបន្ថយ នេះបើតាមការប៉ាន់ស្មានដោយធនាគារកណ្តាលរបស់កូរ៉េខាងត្បូង។

ធនាគារកណ្តាលកូរ៉េ (BOK) បាននិយាយនៅថ្ងៃសុក្រ (២៦ កក្កដា) នេះថា ផលិតផលក្នុងស្រុកសរុប (GDP) កូរ៉េខាងជើងនៅឆ្នាំ២០២៣ ទំនងជាកើនឡើង ៣,១ភាគរយនៅក្នុងន័យជាក់ស្តែង ដែលជាកំណើនដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៦។

ការប៉ាន់ប្រមាណរបស់ធនាគារ BOK ត្រូវបានចាត់ទុកថាជាសូចនាករដ៏គួរឱ្យទុកចិត្តបំផុតនៃសកម្មភាពសេដ្ឋកិច្ចនៅរដ្ឋផ្ដាច់ខ្លួនមួយនេះ ដែលជាមិនដែលបានផ្សព្វផ្សាយទិន្នន័យផ្លូវការ។

មន្ត្រីធនាគារ BOK បាននិយាយថា «អ្នកជំនាញភាគច្រើនវាយតម្លៃការស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣ ជារឿងបណ្តោះអាសន្ន ប៉ុន្តែក៏មានកត្តាវិជ្ជមានផងដែរដូចជាលក្ខខណ្ឌអាកាសធាតុអំណោយផល លទ្ធភាពនៃកំណើនបន្ថែមទៀតក្នុងពាណិជ្ជកម្មជាមួយចិន និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី»។
ប្រាក់ចំណូលជាតិសរុបបន្ទាប់បន្សំរបស់កូរ៉េខាងជើងឆ្នាំ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១,៥៩លានវ៉ុន (១.១៤៧,៥៦ ដុល្លារ) ក្នុងមនុស្សម្នាក់ ដោយស្មើនឹងត្រឹមតែ ៣,៤ភាគរយប៉ុណ្ណោះនៃចំនួន ៤៧,២៥លានវ៉ុនក្នុងមនុស្សម្នាក់នៅកូរ៉េខាងត្បូង៕