នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា ក្រោយពីមានកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ។ ភាគីទាំងអញ្ជើញគ្នាទៅវិញទៅមក ក្នុងនោះភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។
ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បន្តពីឯកឧត្តមអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅកាន់អនាគតកាលនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា វៀតណាម៕
