ចំហេះព្រៃមានឈ្មោះថា Park Fire ដែលជាភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំរបស់រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានបំផ្លាញផ្ទៃដីជាង១២៥.០០០ ហិចតា និងបានបំផ្លាញសំណង់ជាច្រើនកាលពីព្រហស្បតិ៍ ២៥ កក្កដា។ចំហេះបានឆាបឆេះនៅម៉ោង៣រសៀល ថ្ងៃពុធ ២៤ កក្កដា នៅឧស្យាន ប៊ីតវ៉េល ផាក (Bidwell Park) ភាគឦសាននៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ឈីកូ( Chico) ។

អាជ្ញាធរស្រុកប៊ូតេ(Butte)បានបញ្ជាឱ្យមានការជម្លៀសសម្រាប់សហគមន៍ទីជនបទ រួមទាំង តំបន់នៅជិតទីក្រុង កូហាសេត (Cohasset) ដែលជាផ្ទះរបស់អ្នកស្រុកប្រហែល៤០០គ្រួសារ។

យោងតាមសារព័ត៌មានក្នុងស្រុក ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១.១០០ នាក់បានប្រឹងប្រែងពន្លត់អណ្តាតភ្លើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយប្រើឧទ្ធម្ភាគចក្រ និងគ្រឿងឈូសឆាយដើម្បីកាត់ខ្សែភ្លើងក្នុងគោលបំណងការពារផ្ទះនៅក្នុងតំបន់ដែលមានប្រជាជនច្រើននៃភាគខាងជើងស្រុកឈីកូ ។ ចំហេះព្រៃ ត្រូវបានគេពន្លត់បានត្រឹមតែ៣ភាគរយប៉ុណ្ណោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ។
បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះព្រៃនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ចំហេះព្រៃដ៏សន្ធោសន្ធៅនេះបានឆេះបំផ្លាញចំណតរថយន្តក្នុងតំបន់ Lancaster ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ២៥ កក្កដា ដោយបានឆេះបំផ្លាញរថយន្តប្រមាណ ១.០០០ គ្រឿង៕