អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការដុតទង់ជាតិសហរដ្ឋអាមេរិកថា «គួរឱ្យស្អប់ខ្ពើម» និង «ពុំមែនស្នេហាជាតិ» ធ្វើឡើងដោយក្រុមបាតុករ ដែលបានមកប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន អំឡុងពេលសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សភា។

លោកស្រីនិយាយថា «ខ្ញុំថ្កោលទោសការដុតទង់ជាតិអាមេរិក»។ ទង់ជាតិ គឺជានិមិត្តរូបនៃឧត្តមគតិខ្ពស់បំផុតរបស់យើងក្នុងនាមប្រជាជាតិមួយ ហើយបង្ហាញពីការសន្យារបស់សហរដ្ឋអាមេរិក។ វាពុំគួរត្រូវបានប្រមាថតាមវិធីនេះទេ។

លោកស្រី បាននិយាយថា បាតុកម្មកាលពីថ្ងៃពុធ មានលក្ខណៈជា «ទង្វើគួរឱ្យស្អប់ខ្ពើមធ្វើឡើងដោយក្រុមបាតុករដែលមិនស្នេហាជាតិ និងវោហាសាស្ត្របង្កឱ្យមានការស្អប់ខ្ពើមដ៏គ្រោះថ្នាក់»។ សេចក្តីថ្លែងការណ៍ ដែលបានគាំទ្រដោយសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យផ្សេងទៀត បានធ្វើឡើងក្នុងពេលមានការប៉ុនប៉ងដោយសមាជិកគណបក្សសាធារណរដ្ឋ ដើម្បីលាបពណ៌គណបក្សនេះថាជាអ្នកគាំទ្រក្រុមហាម៉ាស។
សមាជិកព្រឹទ្ធសភា លោក JD Vance ដែលកំពុងឈរឈ្មោះជាអនុប្រធានាធិបតីរួមជាមួយលោក Donald Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលសេចក្តីថ្លែងការណ៍របស់ លោកស្រី Harris ដែលត្រូវបានចេញផ្សាយថា ក្រុមកុបកម្មប្រឆាំងអាមេរិក និងគាំទ្រក្រុមហាម៉ាស បានដុតទង់ជាតិអាមេរិក នៅមុខវិមាន Capitol របស់សហរដ្ឋអាមេរិក ហើយស្ត្រីម្នាក់ដែលមានបំណងចង់ក្លាយជាប្រធានាធិបតី នៅតែមិនព្រមថ្កោលទោសរឿងនេះ។
ក្រុមបាតុកររាប់ពាន់នាក់ដែលមានកំហឹងចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា បានចេញធ្វើបាតុកម្មនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងកាលពីថ្ងៃពុធ ខណៈលោក Netanyahu បានថ្លែងសុន្ទរកថា ទៅកាន់សមាជិកសភាអាមេរិក។