អាហ្វហ្គានីស្ថាន៖ ក្រុមយុទ្ធជនតាលីបង់បានបាញ់កាំភ្លើងទៅលើអាកាសកាលពីសប្តាហ៍មុន ដើម្បីគ្រប់គ្រងមនុស្សកំពុងតម្រង់ជួរគ្នាយ៉ាងវែងនៅខាងក្រៅធនាគារកាប៊ុល ជាកន្លែងដែលមនុស្សអស់សង្ឃឹមព្យាយាមដកប្រាក់សន្សំរបស់ពួកគេ បន្ទាប់ពីការដណ្តើមបានប្រទេសនេះ។

ក្រោមបទបញ្ជារបស់ធនាគារកណ្ដាលថ្មីដែលបញ្ជាដោយពួកតាលីបង់ បុគ្គល និងអាជីវករឥឡូវនេះអាចដកប្រាក់មិនឲ្យលើសពី ២០០ដុល្លារក្នុងមួយសប្ដាហ៍ពីគណនីរបស់ពួកគេ ជាការប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើលំហូរសាច់ប្រាក់។ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នេះ គូសបញ្ជាក់ពីស្ថានភាពដ៏សំខាន់នៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់ឥឡូវនេះមានភារកិច្ចគ្រប់គ្រង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនស្ទើរតែពាក់កណ្ដាលត្រូវការជំនួយមនុស្សធម៌ដើម្បីរស់ ហើយប្រទេសនេះប្រឈមនឹងការគំរាមកំហែង នៃការផ្ដល់សេវាមូលដ្ឋាននានាដែលបានដួលរលំទាំងស្រុង។
លោក Mohammad Ibrahim ពាណិជ្ជករម្នាក់នៅផ្សារកាប៊ុលបាននិយាយកាលពីថ្ងៃពុធថា មិនមានអាជីវកម្មអ្វីទាំងអស់ ហើយលោករំពឹងថានឹងមិនមានការផ្លាស់ប្ដូរទេ រហូតដល់ភាពមិនច្បាស់លាស់ផ្នែកនយោបាយត្រូវបានដោះស្រាយ។ ទោះយ៉ាងណាសេដ្ឋកិច្ចអាហ្វហ្គានីស្ថានបានជួបបញ្ហាជាច្រើនឆ្នាំមកហើយ។ សូម្បីតែមុនពេលពួកតាលីបង់ដណ្តើមបានទីក្រុងកាប៊ុលនៅថ្ងៃទី១៥ ខែសីហាក៏ដោយ អត្រាគ្មានការងារធ្វើមានច្រើនជាង ៣០% ហើយពលរដ្ឋជាងពាក់កណ្ដាលបានរស់នៅក្នុងភាពក្រីក្រ ទោះបីជាមានការជួយពីសហរដ្ឋអាមេរិក ២ទសវត្សរ៍ និងជំនួយរាប់ពាន់លានដុល្លារក៏ដោយ៕
អត្ថបទ៖ សុខមាន