រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា(Dmytro Kuleba) កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង និងបានអំពាវនាវដល់មេដឹកនាំរបស់ទីក្រុងនេះ លោក John Lee ទប់ស្កាត់ប្រទេសរុស្ស៊ីកុំឲ្យប្រើប្រាស់ទីក្រុងហុងកុង ជាមធ្យោបាយមួយ ដើម្បីគេចវេះពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់ទៅលើទីក្រុងមូស្គូ សម្រាប់សង្គ្រាមទ្រង់ទ្រាយពេញលេញ នៅក្នុងប្រទេសអ៊ុយក្រែន។

ទាំងទីក្រុងហុងកុង និងប្រទេសចិន ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញថា ជាច្រកដ៏សំខាន់សម្រាប់រុស្ស៊ី ក្នុងការស្វែងរកប្រភពសម្ភារៈសម្រាប់យោធារបស់ខ្លួន រួមមានគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់យានដ្រូន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Dmytro Kuleba បានអំពាវនាវឱ្យរដ្ឋបាលទីក្រុងហុងកុង មានវិធានការបដិសេធរុស្ស៊ី និងក្រុមហ៊ុនរបស់រុស្ស៊ី ពីឱកាសក្នុងការប្រើប្រាស់ទីក្រុងហុងកុងដើម្បីគេចវេះចេញពីវិធានការរឹតត្បិត ដែលត្រូវបានដាក់សម្រាប់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រាយការណ៍ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុងហុងកុងនៅតែជាចំណុចក្តៅនៃការគេចវេះពីការដាក់ទណ្ឌកម្មជាសាកល ទោះបីជាគ្រឿងអេឡិចត្រូនិក និងទំនិញហាមឃាត់ផ្សេងទៀត ដែលដឹកជញ្ជូនតាមរយៈប្រទេសចិន និងទីក្រុងហុងកុង បានធ្លាក់ចុះត្រឹមមួយភាគប្រាំ នៅឆ្នាំនេះក៏ដោយ។
ប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប្រកាន់ជំហររបស់ខ្លួនជាអព្យាក្រឹត ចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានប្រកាសពីភាពជាដៃគូ «គ្មានព្រំដែនកំណត់» ជាមួយរុស្ស៊ី ប៉ុន្មានថ្ងៃមុនការឈ្លានពាននៅឆ្នាំ២០២២។
រដ្ឋាភិបាលទីក្រុងហុងកុង បាននិយាយកាលពីពេលកន្លងមកថា ខ្លួនមិនអនុវត្តទណ្ឌកម្មជាឯកតោភាគី ដែលដាក់ដោយប្រទេសផ្សេងទៀតនោះទេ ប៉ុន្តែអនុវត្តទណ្ឌកម្មយ៉ាងខ្លាំងក្លា ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របតាមការណែនាំរបស់ក្រសួងការបរទេសចិន។