ការរំខានធ្វើឡើងដោយសកម្មជនអាកាសធាតុ បានធ្វើឱ្យអ្នកនយោបាយនៅប្រទេសអាល្លឺម៉ង់ ទាមទារឲ្យមានការការពារប្រសើរជាងមុន សម្រាប់អាកាសយានដ្ឋានរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍។ សកម្មជន បានឡើងលើរបងនិងរំខានដល់ចរាចរណ៍ផ្លូវអាកាសសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានថ្កោលទោសការបិទផ្លូវនេះថាជា «គ្រោះថ្នាក់ ល្ងង់ខ្លៅ និងជាឧក្រិដ្ឋជន» ហើយបានស្តីបន្ទោសប្រតិបត្តិករអាកាសយានដ្ឋាន សម្រាប់ការមិនធានាបានសុវត្ថិភាពនៅទីតាំងរបស់ពួកគេ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី Faeser មានបំណងដាក់ទណ្ឌកម្មការចូលទៅក្នុងអាកាសយានដ្ឋានគ្មានការអនុញ្ញាត ដោយការដាក់ពន្ធនាគាររហូតដល់ពីរឆ្នាំ។
ចរាចរណ៍នៅអាកាសយានដ្ឋាន Frankfurt ជាកន្លែងមមាញឹកបំផុតនៅប្រទេសអាល្លឺម៉ង់ ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមសកម្មជន បានបិទផ្លូវរត់ ដោយបានទៅឈរលើផ្លូវរត់របស់យន្តហោះ។ ពួកគេបាននិយាយថា ក្រុមអ្នកតវ៉ា អាចកាត់របងលួសដើម្បីចូលទៅក្នុងបរិវេណអាកាសយានដ្ឋាន ដែលសកម្មភាពរបស់ពួកគេ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការរំខានស្រដៀងគ្នានេះ ធ្វើឲ្យប៉ះពាល់ដល់អាកាសយានដ្ឋាន Cologne-Bonn ។
សកម្មជន បានប្តេជ្ញាថា ការបិទផ្លូវនេះគ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការដើម្បីឲ្យចាកចេញពីប្រេង ឧស្ម័ន និងធ្យូងថ្មនៅឆ្នាំ២០៣០។ ពួកគេបានចុះបញ្ជីប្រទេសមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ជាកន្លែងដែលការរំខាន ត្រូវបានគ្រោងទុកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សកម្មភាពស្រដៀងគ្នានេះ ត្រូវបានប៉ុនប៉ងនៅអាកាសយានដ្ឋានជាច្រើនកន្លែងនៅអឺរ៉ុប រួមទាំងនៅទីក្រុងឡុងដ៍ ទីក្រុងវីយែន អូស្លូ និងទីក្រុងហ៊្សូរីច ប៉ុន្តែពួកគេត្រូវបានរារាំងដោយអាជ្ញាធរ។