ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃសុក្រ (២៦ កក្កដា) នេះថា មនុស្សជាង ២០ម៉ឺននាក់ស្ថិតក្រោមបញ្ជាជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំង ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសរួចមកហើយនៅទូទាំងផ្នែកនៃភាគខាងជើងនៃប្រទេសជប៉ុន ខណៈទឹកបានហូរខ្លាំងបានបង្កការបំផ្លិចបំផ្លាញទូលំទូលាយ។

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៤នាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់នៅក្នុងខេត្ត យ៉ាម៉ាហ្កាតា (Yamagata) និង អាគិតា (Akita) នៅលើកោះ ហ៊ុនស៊ូ (Honshu)។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយនៅថ្ងៃសុក្រនេះថា ផ្នែកចំនួនពីរនៃខេត្ត យ៉ាម៉ាហ្កាតា បានកត់ត្រាទឹកភ្លៀងច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៦មក។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបាននិយាយថា អាជ្ញាធរបានចេញសេចក្តីណែនាំអំពីការជម្លៀសដល់មនុស្សជាង ២០០.០០០នាក់ ។ ទូរទស្សន៍ NHK បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤.០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រករួចហើយ ខណៈប្រហែល ៣.០៦០គ្រួសារគ្មានអគ្គិសនី និង ១.១០០គ្រួសារគ្មានទឹកប្រើប្រាស់។
ទីភ្នាក់ងារអាកាសធាតុជប៉ុននៅសប្តាហ៍នេះ ធ្លាប់បានចេញការប្រកាសអាសន្នខ្ពស់បំផុតនៃភ្លៀងធ្លាក់ខ្លាំងសម្រាប់តំបន់ សាកាតា (Sakata) និង យ៉ូហ្សា (Yuza) នៅក្នុងខេត្ត យ៉ាម៉ាហ្កាតា។ ក្រោយមកបានបន្ទាបការព្រមានមួយកម្រិតនៅក្នុងប្រព័ន្ធព្រមាន ៥ជាន់របស់ប្រទេស ប៉ុន្តែបានអំពាវនាវឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃបំណាក់ដី និងទឹកជំនន់៕