ឧក្រិដ្ឋជនគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ឈ្មោះ អ៊ីស្មែល ហ្សាំបាដា (Ismael Zambada) ឬហៅថា អ៊ែលម៉ាយ៉ូ (El Mayo) ដែលជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀន ស៊ីណាលូអា (Sinaloa) របស់ប្រទេសម៉ិកស៊ិក ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារសហព័ន្ធអាមេរិក នៅទីក្រុង អ៊ែលប៉ាសូ (El Paso) រដ្ឋតិចសាស់ (Texas)។

លោក Zambada អាយុ ៧៦ឆ្នាំបានបង្កើតអង្គការឧក្រិដ្ឋកម្មនេះជាមួយលោក ហ័រគីន ហ្គូសម៉ាន់ (Joaquin Guzman) ឬហៅថា អ៊ែលឆាប៉ូ (El Chapo) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា កូនប្រុសរបស់លោក ហ្គូសម៉ាន់ ឈ្មោះ ហ័រគីន ហ្គូសម៉ាន់ លូប៉េស (Joaquin Guzman Lopez) ក៏ត្រូវបានចាប់ខ្លួនជាមួយលោក Zambada កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

នៅក្នុងខែកុម្ភៈ លោក Zambada ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ពីបទសមគំនិតក្នុងការផលិត និងចែកចាយថ្នាំហ្វង់តានីល ដែលជាគ្រឿងញៀនខ្លាំងជាងហេរ៉ូអ៊ីន និងដែលត្រូវបានស្តីបន្ទោសចំពោះវិបត្តិអាភៀននៅសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាអាមេរិកម្នាក់និយាយថា បុរសទាំងពីរនាក់នោះដឹកនាំ «អង្គការជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងមានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក»។

រដ្ឋអាជ្ញាអាមេរិកនិយាយថា ក្រុម ស៊ីណាលូអា គឺជាអ្នកផ្គត់ផ្គង់គ្រឿងញៀនដ៏ធំបំផុតដល់អាមេរិក។ អាជ្ញាធរធ្លាប់បានលើកឡើងពីមុនថា សារធាតុហ្វង់តានីល គឺជាមូលហេតុចម្បងនៃការស្លាប់ដ៏ច្រើនរបស់ជនជាតិអាមេរិក ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៥ឆ្នាំ៕