នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទៅបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងចំនួន ៦ទីតាំង។
នាឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។
ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិដោយបញ្ចេញស្នាមញញឹមរាក់ទាក់ស្វាគមន៍របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ។
ជាចុងបញ្ចប់ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរថែមទៀត ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ៕








