យោងតាមប្រភពពីមន្ត្រីលោកខាងលិច ប៉ាឡេស្ទីន និងអេហ្ស៊ីបបានឱ្យដឹងថា អ៊ីស្រាអែល កំពុងស្វះស្វែងរកការផ្លាស់ប្តូរផែនការបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរពីក្រុមហាម៉ាស ដោយធ្វើអោយមានភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ឈប់ការប្រយុទ្ធរយៈពេលប្រាំបួនខែ ដែលបានបំផ្លិចបំផ្លាញតំបន់នេះ។

ប្រភពទាំងនោះបានប្រាប់រ៉យទ័រថា អ៊ីស្រាអែលបានលើកឡើងថា ជនបានភៀសខ្លួនប៉ាឡេស្ទីនគួរតែត្រូវបានពិនិត្យនៅពេលពួកគេត្រឡប់ទៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនេះវិញ នៅពេលដែលបទឈប់បាញ់ចាប់ផ្តើម ដោយកែប្រែលក្ខខណ្ឌកិច្ចព្រមព្រៀងមុនដែលអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនពីភាគខាងត្បូងត្រឡប់ទៅវិញដោយសេរី។

ប្រភពមន្ត្រីលោកខាងលិចនិយាយថា អ្នកចរចាអ៊ីស្រាអែល «ចង់បានយន្តការត្រួតពិនិនេះព្រោះខ្លាចថាប្រជាជនទាំងនោះអាចគាំទ្រ» ក្រុមយុទ្ធជនហាម៉ាស ដែលនៅតែឈរជើងនៅទីនោះ។
ប្រភពប៉ាឡេស្ទីន និងអេហ្ស៊ីបបានឱ្យដឹងថា ក្រុមហាម៉ាស បានច្រានចោលការទាមទារថ្មីរបស់អ៊ីស្រាអែលនេះ។ ប្រភពបន្ថែមថា ចំណុចជាប់គាំងមួយទៀតគឺជុំវិញការទាមទាររបស់អ៊ីស្រាអែល ក្នុងការរក្សាការគ្រប់គ្រងព្រំដែនហ្កាហ្សាជាមួយអេហ្ស៊ីប ដែលទីក្រុងគែរ បានច្រានចោលថានៅក្រៅក្របខ័ណ្ឌកិច្ចព្រមព្រៀងចុងក្រោយ ដែលបានយល់ព្រមដោយភាគីជម្លោះ៕
