
មន្ត្រីបាននិយាយថា នាយកដ្ឋានគ្រប់គ្រងការធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់ប្រទេសលីប៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ជាង៧០០នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេ មានប្រទេសនីហ្សេ និងប្រទេសអេហ្ស៊ីប។
លោក Mohamed Breda មន្ត្រីកិច្ចការសន្តិសុខរបស់នាយកដ្ឋាន បាននិយាយថា ចំនួនជនអន្តោប្រវេសន៍មានចន្លោះពី ៧០០ ទៅ៧៥០នាក់។

លោកនិយាយថា ការនិរទេសជនអន្តោប្រវេសន៍ពីប្រទេសលីប៊ី នឹងនៅធ្វើបន្ត។ ចាប់តាំងពីការដួលរលំអតីតមេដឹកនាំ លោក Muammar Gaddafi ក្នុងឆ្នាំ២០១១ ភាពអសន្តិសុខ និងភាពវឹកវរជាបន្តបន្ទាប់នៅក្នុងប្រទេសលីប៊ី បានជំរុញឱ្យជនអន្តោប្រវេសន៍ជាច្រើន ភាគច្រើនមកពីទ្វីបអាហ្រ្វិក បានព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីបានទៅដល់ឆ្នេរសមុទ្រអឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី លោក Emad al-Tarabelsi បាននិយាយកាលពីដើមខែកក្កដាថា ចំនួនជនបរទេសបច្ចុប្បន្ននៅក្នុងប្រទេសលីប៊ី មានប្រហែល២,៥លាននាក់ ដែលភាគច្រើនជាអ្នកដែលបានឆ្លងកាត់ព្រំដែនប្រទេសលីប៊ី ដោយគ្មានទិដ្ឋាការចូល។