
បណ្ដាទីប្រឹក្សារបស់លោក Donald Trump បានប្រកាសថា ពួកគេរួមជាមួយប្រធានាធិបតីអាមេរិក នឹងមិនប្តេជ្ញា ចំពោះការជជែកដេញដោលដែលបានព្រមព្រៀងគ្នាពីមុន នៅក្នុងខែកញ្ញានោះទេ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានយកអនុប្រធានាធិបតីលោកស្រី Kamala Harris ជំនួសលោកប្រធានាធិបតី Joe Biden ជាបេក្ខជនរបស់ពួកគេ។
ដំបូងឡើយ លោក Trump និងលោក Biden បានយល់ព្រមលើការជជែកដេញដោលការបោះឆ្នោតសកលចំនួន ២លើក ដោយលើកទី១ កើតឡើងនៅថ្ងៃទី២៧ ខែមិថុនា។ តែបន្ទាប់ពីលោក Biden ទទួលបានលទ្ធផលមិនល្អ លោកបានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនេះ កាលពីថ្ងៃទី២១ ខែកក្កដា ដែលនាំឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា នៅជុំវិញលោកស្រី Harris។
ទោះបីជាលោកស្រី Harris មានឆន្ទៈក្នុងការជជែកដេញដោល នៅថ្ងៃទី១០ ខែកញ្ញាតាមការគ្រោងទុកក៏ដោយ ក៏ក្រុមរបស់លោក Trump ដោយលើកឡើងពីភាពចលាចលនយោបាយ និងភាពមិនច្បាស់លាស់នៅក្នុងគណបក្សប្រជាធិបតេយ្យ បានអះអាងថា វានឹងឆាប់ពេកក្នុងការបញ្ចប់ព័ត៌មានលម្អិតនៃការជជែកដេញដោល រហូតដល់គណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ពីការតែងតាំងរបស់ពួកគេជាផ្លូវការ។
លោក Trump ដែលដំបូងឡើយបានអំពាវនាវឲ្យមានការជជែកដេញដោលបន្ថែមទៀត ឥឡូវនេះបានស្នើឲ្យផ្លាស់ប្តូរការជជែកដេញដោលពីទូរទស្សន៍ ABC News ទៅ Fox News វិញ។ ហើយទីប្រឹក្សារបស់លោក Trump គឺលោក Jason Miller បានលើកឡើងពីលទ្ធភាពនៃការជជែកដេញដោលជាច្រើន ប៉ុន្តែបានចោទសួរពីភាពច្បាស់លាស់នៃការជជែកដេញដោលរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC News។
សូមបញ្ជាក់បន្ថែមថា ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា លោកស្រី Harris និងលោក Trump ស្ទើរតែមិនមានភាពលើសខ្វះគ្នានោះឡើយ សម្រាប់ការគាំទ្ររបស់អ្នកបោះឆ្នោត ដែលនេះបង្ហាញឲ្យឃើញពីការប្រកួតប្រជែងគ្នាដ៏តានតឹងខ្លាំងបំផុតមួយ៕