អាមេរិក៖ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានហៅពួកតាលីបង់ថា ជាក្រុមគ្មានមេត្តា និងនិយាយថា គេមិនទាន់ច្បាស់ទេថា តើពួកគេនឹងកែប្រែរបៀបដឹកនាំរបស់ខ្លួន ឬយ៉ាងណា។ ទោះយ៉ាងណា ឧត្តមសេនីយ៍យោធា Mark Milley បាននិយាយថា អាចថាសហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយពួកសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មនាពេលអនាគត។

កងកម្លាំងអាមេរិកបានដកចេញពីអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ ដោយបញ្ចប់សង្គ្រាមយូរបំផុតរបស់អាមេរិកក្នុងរយៈពេល ២០ឆ្នាំបន្ទាប់ពីបានចាប់ផ្ដើមលុកលុយបណ្ដេញពួកតាលីបង់។ ពេលនេះពួកអ៊ីស្លាមជ្រុលនិយមនេះបានគ្រប់គ្រងប្រទេស ហើយរំពឹងថានឹងប្រកាសរដ្ឋាភិបាលថ្មី។ លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយជុំវិញការដកទ័ពភ្លាមៗ ដែលនាំឱ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដួលរលំ ដោយមិនបានរំពឹងទុកដែលអាមេរិកបានបណ្ដុះបណ្ដាល និងផ្តល់មូលនិធិជាច្រើនឆ្នាំមកហើយ៕
អត្ថបទ៖ សុខមាន