
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងភរិយា Sara Netanyahu បានជួបសាច់ញាតិចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។ លោកត្រូវបានចូលរួមដោយប្រធានសភាអាមេរិកលោក Mike Johnson ។
លោក Netanyahu បាននិយាយនៅក្នុងជំនួបជាមួយលោក Johnson បន្ទាប់ពីសុន្ទរកថារបស់លោកនៅក្នុងសភាអាមេរិកថា អ្នកពិតជាចិត្តល្អខ្លាំងណាស់ក្នុងការទទួលពួកយើង ។ នេះគឺជាគ្រួសារសាច់ញាតិចំណាប់ថ្នូរ ដែលបួងសួង និងប្រាថ្នាចង់ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេវិលត្រឡប់មកផ្ទះវិញ ។
កាលពីថ្ងៃពុធកន្លងទៅ កងកម្លាំងអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរ ៥នាក់ រួមទាំងគ្រូមតេយ្យសិក្សាម្នាក់ និងទ័ពកំណែន ៤នាក់ ដែលព្យាយាមវាយបកក្រុមហាម៉ាស់ អំឡុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ប្រតិបត្តិការស្វែងរកសាកសពនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ព័ត៌មានចារកម្មដែលប្រមូលបាន និងវិភាគអស់រយៈពេលជាច្រើនសប្តាហ៍ ។
បច្ចុប្បន្ន ក្រុមហាម៉ាស់ និងក្រុមជីវពលផ្សេងទៀត នៅបង្ខាំងទុកចំណាប់ថ្នូរ ១២០នាក់ ខណៈដែលចំណាប់ថ្នូរ ១០៥ ត្រូវបានដោះលែងពីតំបន់ហ្កាហ្សា អំឡុងបទឈប់បាញ់រយៈពេល ១សប្តាហ៍ កាលពីខែវិច្ឆិកា ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ៕