
ស្ថាប័នអាជ្ញាធរប៉ាឡេស្ទីន នៅព្រឹកព្រលឹមថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បាននិយាយថា មេដឹកនាំក្រុមហាម៉ាសម្នាក់នៅតំបន់ West Bank ស្លាប់នៅក្នុងការឃុំឃាំងរបស់អ៊ីស្រាអែល បន្ទាប់ពីស្ថានភាពសុខភាពរបស់លោកមានសភាពកាន់តែអាក្រក់ទៅៗ។
គណៈកម្មការកិច្ចការឃុំឃាំងប៉ាឡេស្ទីន បានឲ្យដឹងថា លោក Mustafa Muhammad Abu Ara វ័យ ៦៣ឆ្នាំ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានបញ្ជូនចេញពីពន្ធនាគារ Ramon ទៅមន្ទីរពេទ្យ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
គណៈកម្មការ បានប្រាប់ថា៖ «មុនពេលចាប់ខ្លួន លោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយត្រូវការការតាមដានផ្នែកវេជ្ជសាស្រ្ដឲ្យបានដិតដល់។ តែទោះយ៉ាងណាក្ដី ចាប់ពីពេលចាប់ខ្លួនលោក Abu Ara ក៏ដូចជាអ្នកទោសទាំងអស់ បានប្រឈមនឹងបទល្មើសឧក្រិដ្ឋកម្មដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមសម្លាប់រង្គាល»។

ស្ថាប័នអាជ្ញាធរប៉ាឡេស្ទីនបានកត់សម្គាល់ថា លោក Abu Ara ដែលត្រូវបានចាប់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៣ ទទួលរងការធ្វើទារុណកម្ម និងគ្មានការព្យាបាលផ្នែកវេជ្ជសាស្ត្រឡើយ។
សមាគមអ្នកទោសប៉ាឡេស្ទីន បានឲ្យដឹងកាលពីខែមិថុនាថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៨នាក់ហើយ បានស្លាប់នៅក្នុងការឃុំឃាំងរបស់អ៊ីស្រាអែល គិតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា៕