
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសកូរ៉េខាងត្បូង បានយកពន្ធពីទ្រព្យសម្បត្តិមរតករហូតដល់ទៅ ៦០ភាគរយលើម្ចាស់ភាគហ៊ុនគ្រប់គ្រងនៃក្រុមហ៊ុន ដូចជាក្រុមហ៊ុន Samsung Electronics ដោយជំរុញឲ្យគ្រួសារមហាសេដ្ឋីរៀបចំឧបាយកលស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញកាតព្វកិច្ចពន្ធ។
ឥឡូវនេះ ត្រកូលអ្នកមានទ្រព្យសម្បត្តិបំផុតរបស់ប្រទេសនេះ គឺខិតកាន់តែកៀកទៅនឹងវិធានការបន្ធូរបន្ថយដ៏ចម្រូងចម្រាស ជុំវិញការយកពន្ធ ដែលស្ថិតក្នុងចំណោមក្រុមនៃការយកពន្ធខ្ពស់បំផុតរបស់ពិភពលោក។ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) ក្រសួងហិរញ្ញវត្ថុ បានប្រាប់ថា លោកប្រធានាធិបតី Yoon Suk-yeol គ្រោងនឹងបញ្ចុះកម្រិតពន្ធលើទ្រព្យមរតក ចន្លោះពី ៥០ភាគរយទៅ ៤០ភាគរយ ហើយលុបចោលច្បាប់ដែលតម្រូវឲ្យម្ចាស់មរតកបង់ប្រាក់កាន់តែច្រើនថែមទៀតនោះ។

គំនិតនៅពីក្រោយនៃបញ្ហាពន្ធនេះ គឺដើម្បីជួយទប់ស្កាត់គ្រួសារអ្នកមានដែលគ្រប់គ្រងក្រុមហ៊ុនសាជីវកម្មដ៏ធំទូលាយរបស់ប្រទេស ដែលត្រូវបានគេស្គាល់ថា ក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារដ៏ធំ កុំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ និងរក្សានូវអ្វីដែលអ្នករិះគន់និយាយថា ជាឥទ្ធិពលមិនសមាមាត្រលើសេដ្ឋកិច្ច។
ប្រសិនបើត្រូវបានអនុម័តដោយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង សំណើនេះនឹងបង្ហាញពីការកាត់បន្ថយអត្រាពន្ធមរតករបស់ប្រទេសជាតិជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៥ មក៕