
នៅថ្ងៃសុក្រនេះ ឆ្មាំល្បាតឆ្នេរ បានព្យាយាមជួយសង្រ្គោះក្រុមនាវិករាប់សិបនាក់ ដែលជាប់ខ្លួននៅជិតតំបន់ឆ្នេរភាគខាងត្បូងកោះតៃវ៉ាន់ ក្រោយព្យុះទីហ្វុង Gaemi បោកបក់ពន្លិចនាវាដឹកទំនិញមួយគ្រឿង និងបានធ្វើឲ្យជាប់កៀងនាវា ៨គ្រឿងទៀតនៅច្រកសមុទ្រតៃវ៉ាន់ ។
នាវិកម្នាក់ ត្រូវបានប្រទះឃើញស្លាប់ នាវិក ៤នាក់ទៀត កំពុងបាត់ខ្លួន ហើយនាវិក ៤នាក់ទៀត ត្រូវបានជួយសង្រ្គោះ ក្រោយទូកដឹកទំនិញដោតទង់ជាតិតង់ហ្សានី បានលិចនៅជិតកំពង់ផែ Kaohsiung ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ ។
ក្រុមឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ និយាយថា នាវិក ៧៩នាក់ផ្សេងទៀត នៅរង់ចាំការសង្រ្គោះនៅលើទូកដឹកទំនិញ ៨គ្រឿងទៀត ដែលបានជាប់កៀង ។

សូមបញ្ជាក់ថា ព្យុះ Gaemi បាននាំមកជាមួយទឹកភ្លៀងកម្ពស់ ១.៨០០មីលីម៉ែត្រ នៅតំបន់ភ្នំភាគខាងត្បូងកោះតៃវ៉ាន់ ចាប់តាំងពីថ្ងៃអង្គាររហូតមក បណ្តាលឲ្យមានទឹកជំនន់ដ៏គំហក់ជន់លិចទីក្រុងតូច-ធំជាច្រើន ។
ដោយឡែក មនុស្ស ៧នាក់ បានស្លាប់ និងជាង ៧៨៥នាក់ផ្សេងទៀត បានរងរបួស ៕
