មន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌាលោក Jaishankar បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរបស់លោកព្យាយាមពង្រីកកិច្ចសហប្រតិប្តតិការជាមួយតំបន់អាស៊ាន ។
លោក Jaishankar និយាយថា កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាមួយអាស៊ាន គឺជាអាទិភាពសំខាន់បំផុតរបស់ឥណ្ឌា ។
យោងតាមវែបសាយអាស៊ាន បានឲ្យដឹងថា ឥណ្ឌា បានចាប់ផ្តើមការចូលរួមផ្លូវការជាមួយអាស៊ានកាលពីឆ្នាំ ១៩៩២ ក្នុងនាមជាដៃគូសន្ទនាតាមវិស័យ ហើយក្រោយមកក្លាយជាដៃគូសន្ទនា កាលពីឆ្នាំ ១៩៩៦ ។
អាស៊ានកំពុងរៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រនេះ ដោយមានការចូលរួមពីមន្រ្តីការទូតជាន់ជាច្រើនរូប មកពីរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងឥណ្ឌា ហើយនិងប្រទេសជាច្រើនទៀត មុនកិច្ចប្រជុំកំពូលអាស៊ីខាងកើត និងវេទិកាតំបន់អាស៊ាននាចុងសប្តាហ៍នេះ ជាពេលដែលបញ្ហាសកលលោកជាច្រើន នឹងត្រូវលើកយកមកពិភាក្សា ៕