អាជ្ញាធរ បានប្រាប់ឲ្យដឹងថា នាវិក ៤នាក់មកពីនាវាដឹកទំនិញដែលបានក្រឡាប់លិច នៅម្ដុំឆ្នេររបស់កោះតៃវ៉ាន់ អំឡុងពេលមានព្យុះទីហ្វុង Gaemi នោះ នៅតែបាត់ខ្លួនដដែល នាថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បន្ទាប់ពីបានរកឃើញអ្នកនៅមានជីវិតទី៤ ក៏ដូចជាសពរបស់កាពីទែននាវាដឹកទំនិញនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) អាជ្ញាធរបានប្រាប់ថា អាកាសធាតុដែលមានព្យុះ ក្រោយព្យុះទីហ្វុង បានធ្វើឲ្យនាវាដែលមានទង់ជាតិតង់ហ្សានី Fu-Shun លិច នៅចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីច្រាំង ដោយសមាជិកនាវិក ៩នាក់មកពីប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាលោតចេញពីនាវានោះដោយពាក់អាវពោងសុវត្ថិភាព។
កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ត្រូវបានជួបនឹងឧបសគ្គដោយសារស្ថានភាពអាកាសធាតុអាក្រក់ ប៉ុន្តែនាពេលល្ងាចនេះ សមាជិកនាវិក ៣នាក់ ត្រូវបានរកឃើញនៅលើគោក ដែលជំរុញឲ្យអ្នកជួយសង្គ្រោះពង្រីកទីតាំងស្វែងរករបស់ពួកគេ ក្រែងលោមនុស្ស ៦នាក់ផ្សេងទៀត បានបណ្ដែតខ្លួនទៅដល់ច្រាំងនៃភាគខាងត្បូងទីក្រុង Kaohsiung។
នៅថ្ងៃទី២៦ ខែកក្កដានេះ ក្រុមប្រឹក្សាកិច្ចការសមុទ្រ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករួចជីវិត ត្រូវបានគេរកឃើញ ខណៈដែល «សាកមនុស្សម្នាក់ត្រូវបានរកឃើញនៅលើឆ្នេរ» ក្នុងទីក្រុង Kaohsiung។
អមដោយការបន្ថែមថា ការស្វែងរកកំពុងបន្តធ្វើ ក្រុមប្រឹក្សាបានប្រាប់ថា៖ «នាវិកផ្សេងទៀតដែលនៅរស់រានមានជីវិត បានកំណត់អត្តសញ្ញាណអ្នកដែលស្លាប់នោះថា ជាកាពីទែនរបស់នាវា Fu-Shun។ សមាជិកនាវិក ៤នាក់របស់នាវានេះ នៅតែបាត់ខ្លួនដដែល»។
បន្ទាប់មក ភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានបញ្ជាក់ថា សមាជិកនាវិកទី៤ ដែលនៅមានជីវិតនេះ បានហែលតម្រង់មកដីគោក៕