អណ្តាតភ្លើងបានហោះពេញផ្ទៃមេឃលើទីក្រុង Rafah លាយឡំជាមួយសំឡេងផ្ទុះគ្រាប់បែក និងស្នូរគ្រាប់កាំភ្លើងនៅតាមផ្លូវក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា ស្របពេលដែលប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតែបន្ត ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយនៅថ្ងៃសុក្រនេះថា កងកម្លំាងអ៊ីស្រាអែល រុលចូលកាន់តែជ្រៅទៅក្នុងតំបន់មួយចំនួននៅភាគខាងកើតទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយរថក្រោះរបស់ពួកគេ បានចូលដល់តំបន់ភាគកណ្តាលទីក្រុង Rafah ដោយមានការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំ សម្លាប់ជនប៉ាឡេស្ទីនប្រហែល ៣០នាក់ ក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះ ។
ការប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ បានចូលដល់ទីក្រុងភាគខាងកើត Bani Suaila, Al-Zanna និងទីក្រុង Al-Karara ជាទីដែលកងទ័ពនិយាយកាលពីថ្ងៃពុធថា ពួកគេបានរកឃើញសាកសពពលរដ្ឋអ៊ីស្រាអែល ៥នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។
លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ប្រតិបត្តិការស្វែងរកសាកសព ត្រូវបានធ្វើឡើងដោយប្រើប្រាស់ព័ត៌មានចារកម្មដែលប្រមូលបាន និងវិភាគអស់រយៈពេលជាច្រើនសប្តាហ៍ ៕