
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgio Meloni កាលពីថ្ងៃព្រហស្បតិ៍ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមនៅកម្រិតតំបន់ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល លោកស្រី បានធ្វើការអត្ថាធិប្បាយ នៅពេលជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ដែលកំពុងបំពេញទស្សនកិច្ច។ លោកស្រី Meloni ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលធ្វើបន្ថែមទៀត ដើម្បីជួយសម្រួលដល់គំនិតផ្តួចផ្តើមមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា និងចាត់វិធានការ ដើម្បីទប់ស្កាត់សង្រ្គាមនៅទីនោះ កុំឲ្យកើនឡើង និងពង្រីកនៅក្នុងតំបន់ ដោយបញ្ជាក់ថា អ៊ីតាលី នឹងបន្តគាំទ្រការសម្របសម្រួលដែលមានបំណងបញ្ចប់ជម្លោះ។

លោក Herzog ក៏បានជួបជាមួយប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella ហើយមេដឹកនាំទាំងពីរបានពិភាក្សាអំពីតម្រូវការក្នុងការធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ជំនួយមនុស្សធម៌អ៊ីតាលីដល់ប្រជាជននៅតំបន់ហ្កាហ្សា និងតម្រូវការក្នុងការស្វែងរកផ្លូវ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានព្រំដែនទទួលយកដោយអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
នៅពេលដែលប្រធានាធិបតីអ៊ីស្រាអែល បានចូលទៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល Palazzo Chigi ក្រុមអ្នកតវ៉ាមួយក្រុម បានស្រែកថា «ដោះលែងប៉ាឡេស្ទីន»ទៅ នៅចម្ងាយប្រហែល ១០០ម៉ែត្រ។