មនុស្សរាប់ពាន់នាក់ នៅទីក្រុងហាណូយ នាថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បាននាំគ្នាគោរពលើកចុងក្រោយ ចំពោះវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្ត លោក Nguyen Phu Trong ដែលបានទទួលមរណភាព កាលពីសប្តាហ៍មុន ក្នុងវ័យ ៨០ឆ្នាំ។ លោក Trong ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនោះ បានកាន់តំណែងប្រមុខបក្ស ចាប់តាំងពីឆ្នាំ២០១១ និងបានដឹកនាំយុទ្ធនាការដ៏ធំ ប្រឆាំងអំពើពុករលួយ។
មឈូសឈើរបស់លោកដែលត្រូវបានគ្របដោយទង់ជាតិ ត្រូវបានគេដឹកតាមដងផ្លូវ ក្នុងទីក្រុងហាណូយដោយមានការឈរអមពីឆ្មាំកិត្តិយស និងបណ្ដាមេដឹកនាំជាន់ខ្ពស់ ក្នុងនោះរួមទាំងប្រធានាធិបតី លោក To Lam និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh មុនពេលមឈូសនោះត្រូវបានបញ្ចុះនៅទីបញ្ចុះសព Mai Dich។
ការបញ្ចុះសពនេះ ត្រូវបានធ្វើឡើងបានបន្ទាប់ពីមានការប្រារព្ធពិធីបុណ្យសពរយៈពេល ២ថ្ងៃដែលចូលរួមដោយមេដឹកនាំជាន់ខ្ពស់ មន្ត្រីបរទេស និងអ្នកកាន់ទុក្ខរាប់ពាន់នាក់។ លោកប្រធានាធិបតី Lam បានសរសើរលោក Trong ថា ជាមេដឹកនាំដ៏ឆ្នើម និងជាសមាជិកបក្សដ៏ស្មោះត្រង់។ ចំនួនអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធជាសាធារណៈ មានច្រើនពេករហូតដល់ត្រូវបន្ថែមរយៈពេល។
នៅទូទាំងប្រទេសវៀតណាម ទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដង ហើយព្រឹត្តិការណ៍នានា ត្រូវបានផ្អាកក្នុងអំឡុងពេលកាន់ទុក្ខនេះ។ អាណត្តិរបស់លោក Trong ទទួលបានការសរសើរពីមេដឹកនាំអន្តរជាតិ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាដើម៕