ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅលើបណ្ដាញសង្គម X ថា សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ កំពុងបញ្ចូនជំនួយទៅប្រទេសអ៊ុយក្រែនចំនួន ១,៥ពាន់លានអឺរ៉ូ (១,៦ពាន់លានដុល្លារ) ជាការផ្ដល់ហិរញ្ញប្បទាន ដែលបានពីប្រាក់ចំណូលនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក នៅ EU ដើម្បីចំណាយលើការការពារជាតិ និងការស្ដារឡើងវិញ។
លោកស្រី Von der Leyen បាននិយាយថា៖ «ថ្ងៃនេះយើងផ្ទេរនូវប្រាក់ចំនួន ១,៥ពាន់លានអឺរ៉ូ ជាប្រាក់ចំណេញប្រមូលបានទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុក ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យការពារជាតិ និងការស្ដារប្រទេសឡើងវិញរបស់អ៊ុយក្រែន។ មិនមានគំរូ ឬការប្រើប្រាស់ណា ចំពោះប្រាក់របស់វិមានក្រឹមឡាំង ដែលប្រសើរជាងធ្វើឲ្យប្រទេសអ៊ុយក្រែន និងប្រទេសអឺរ៉ុបទាំងអស់ក្លាយជាកន្លែងរស់នៅប្រកបដោយសុវត្ថិភាពនោះឡើយ»។
រដ្ឋមន្ត្រីការបរទេស EU បានអនុម័តការប្រើប្រាស់សាច់ប្រាក់នេះ កាលពីចុងខែមិថុនា។ ជំនួយនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់ចំណូល ដូចជាបានពីការប្រាក់ជាដើម ពីទ្រព្យសម្បត្តិទាំងនោះ ប៉ុន្តែមិនមែនពីទ្រព្យសម្បត្តិដើម (ចំនួនទឹកប្រាក់ដើម) ដែលនៅតែត្រូវបានបង្កកនោះទេ។ ៩០ភាគរយនៃទឹកប្រាក់នេះ នឹងផ្តល់ជំនួយផ្នែកយោធា ខណៈដែល ១០ភាគរយទៀត នឹងផ្ដល់ឲ្យអ៊ុយក្រែនដោយផ្ទាល់ជាជំនួយហិរញ្ញវត្ថុ៕