នគរបាលអេស្ប៉ាញ និយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា ពួកគេរឹបអូសបានសារធាតុញៀនកូកាអ៊ីនទម្ងន់ ៤តោន ដែលត្រូវបានគេលាក់ទុកក្នុងបាវស្រូវ នៅទីក្រុង Barcelona ក៏ដូចជាកម្ចាត់ក្រុមជួញដូរគ្រឿងញៀនដែលប្រតិបត្តិការនៅអេស្ប៉ាញ ប៉ារ៉ាហ្គាយ និងចក្រភពអង់គ្លេស ។
សេចក្តីថ្លែងការណ៍ និយាយថា ក្រុមជួញដូរគ្រឿង បានកិនគ្រឿងញៀនជាម៉្សៅនៅទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ ហើយបន្ទាប់មកដាក់វាក្នុងថង់ប្លាស្ទិក ដែលលាក់ក្នុងបាវស្រូវដេរដោយដៃ មុនពេលដឹកជញ្ជូនវាមកកាន់អឺរ៉ុប ។
នគរបាលនិយាយថា កុងតឺន័រ បានមកដល់កំពង់ផែទីក្រុង Barcelona កាលពីដើមឆ្នាំនេះ ប៉ុន្តែសារធាតុកូកាអ៊ីន ទើបរកឃើញនៅខែកក្កដានេះទេ នៅទីក្រុង Toledo ស្ថិតនៅភាគកណ្តាលប្រទេសអេស្ប៉ាញ ពេលដែលក្រុមជួញដូរគ្រឿង មកបើកទូកុងតឺន័ររបស់ពួកគេ ។
ក្រុមអាជ្ញាធរនៅប៉ារ៉ាហ្គាយ បានរឹបអូសសារធាតុកូកាអ៊ីនទម្ងន់ ៣តោន ដែលប្រុងលោតឆ័ត្រទៅកាន់ប្រទេសបែលហ្ស៊ិកកាលពីខែតុលា ឆ្នាំ ២០២៣ ខណៈកាលពីខែមីនា នគរបាលអង់គ្លេស រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ២តោននៅទីក្រុង Southampton ដែលរៀបនឹងបញ្ជូនទៅកាន់ក្រុមហ៊ុនអេស្ប៉ាញ នៅទីក្រុង Toledo ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា នគរបាល បានចាប់ខ្លួនមនុស្ស ៨នាក់ នៅប្រទេសអេស្ប៉ាញ ខណៈមនុស្ស ២នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយ ៕